អាមេរិក ៖ រដ្ឋបាលលោក Biden កាលពីថ្ងៃអង្គារ (ទី១០ ខែតុលា) បានប្រកាសថា ក្រុមនាវាពិឃាត USS Gerald R. Ford Carrier Strike Group បានទៅដល់សមុទ្រមេឌីទែរ៉ាណេភាគខាងកើតហើយ ដោយមានគោលដៅជួយ «ទប់ស្កាត់តួអង្គណាមួយ» ដែលចង់បង្កើន ឬពង្រីកជម្លោះ រវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស។
យោងតាមសេចក្តីថ្លែងការណ៍របស់មន្ទីរបញ្ចកោណបានឲ្យដឹងថា កងកម្លាំងទាំងនោះ រួមមាននាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិក USS Gerald R. Ford យន្តហោះវាយប្រហារ និងគាំទ្រចំនួន ៨គ្រឿងរបស់ខ្លួន នាវាចម្បាំងបំពាក់មីស៊ីលតម្រង់គោលដៅ Ticonderoga-class USS Normandy និងនាវាពិឃាតបំពាក់មីស៊ីលតម្រង់ទិស Arleigh-Burke USS Thomas Hudner, USS Ramage, USS Carney និង USS Roosevelt។
លើសពីនេះ ទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ទីយន្តហោះចម្បាំង F-15s, F-16s និង A-10s របស់កងទ័ពអាកាសអាមេរិក «ដើម្បីបង្កើនកងយន្តហោះចម្បាំងដែលមានស្រាប់ នៅក្នុងតំបន់»។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin បានប្រកាសលើកដំបូង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកថា ក្រុមនាវាពិឃាតរបស់សហរដ្ឋអាមេរិក បានជិតទៅដល់អ៊ីស្រាអែលហើយ ដើម្បីជាការឆ្លើយតបទៅនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលបានបើកការវាយប្រហារដ៏ធំមួយ កាលពីថ្ងៃសៅរ៍លើទីក្រុងជាច្រើនរបស់អ៊ីស្រាអែលទាំងផ្លូវគោក និងសមុទ្រ ហើយបានវាយប្រហារគោលដៅជាច្រើន ដោយគ្រាប់មីស៊ីល។
ប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីនជាង ១.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ ក្នុងនោះមានពលរដ្ឋអាមេរិក ១៤នាក់ដែរ គិតត្រឹមថ្ងៃអង្គារ (ទី១០ ខែតុលា)។ ហើយជាមួយគ្នានេះ សេតវិមានបានបញ្ជាក់ថា ពលរដ្ឋអាមេរិកក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំងដែរ៕

