ស៊ីរុី ៖ អ៊ីមីរ៉ាតអារ៉ាប់រួម បានព្រមានប្រធានាធិបតីស៊ីរីលោក បាសា អាសាដ (Bashar al-Assad) ឲ្យចៀសវាងការធ្វើអន្តរាគមន៍ក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ឬអនុញ្ញាតឲ្យមានការវាយប្រហារលើអ៊ីស្រាអែលពីទឹកដីស៊ីរី។
សារព័ត៌មាន Axios បានរាយការណ៍ព័ត៌មាននេះជាលើកដំបូង ដោយដកស្រង់ប្រភពពីររបស់UAE ដែលបានផ្តល់ព័ត៌មានអំពីបញ្ហានេះ។
ទីភ្នាក់ងារព័ត៌មាននេះ បាននិយាយថា មេដឹកនាំបរទេសនៅខាងក្រៅប្រទេសអ៊ីស្រាអែល មានការព្រួយបារម្ភថា សង្រ្គាមអាចនឹងធ្លាក់ចូលទៅក្នុងប្រទេសជិតខាងលីបង់ ឬ ក្លាយទៅជាជម្លោះនៅក្នុងតំបន់។
យោងតាមប្រភពទាំងពីរនេះ បានឲ្យដឹងថា មន្ត្រីមកពី UAE បានផ្ញើសាររបស់ពួកគេទៅកាន់មន្ត្រីជាន់ខ្ពស់ស៊ីរី និងបានរាយការណ៍ប្រាប់រដ្ឋបាលលោកបៃដិនអំពីការទំនាក់ទំនងរបស់ពួកគេជាមួយប្រជាជនស៊ីរី។ បន្ទាប់ពីការវាយប្រហារទៅលើអ៊ីស្រាអែលដោយក្រុមហាម៉ាស ក្រសួងការបរទេសអារ៉ាប់រួម បានថ្កោលទោសការប្រយុទ្ធគ្នានេះ។
ក្រសួងបាននិយាយថា៖«ជនស៊ីវិលទាំងសងខាង ត្រូវតែទទួលបានការការពារពេញលេញ នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ហើយមិនត្រូវក្លាយជាគោលដៅនៃជម្លោះនេះឡើយ»។

