អ៊ីស្រាអែលនៅតែទម្លាក់គ្រាប់បែកកម្ទេចតំបន់ហ្គាហ្សាទាំងយប់ជ្រៅ កាលពីថ្ងៃពុធទី១១ខែតុលារ មុនវាយលុកលើដីដ៏ធំប្រឆាំងក្រុមហាម៉ាស។
មន្ទីរពេទ្យជាច្រើនផ្ទុកពេញដោយអ្នកជំងឺ ហើយក្រុមវេជ្ជបណ្ឌិត បារម្ភថាពួកគេ នឹងពុំមានថ្នាំពេទ្យ ឬលែងមានការផ្គត់ផ្គង់វេជ្ជសាស្ត្រទៀត។

លោកវិជ្ជបណ្ឌិត អាស្រាហ្វ អាល់ គីដ្រា (Ashraf Al- Qidra) អ្នកនាំពាក្យក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថាយើងត្រូវការច្រកសុវត្ថិភាពដើម្បីទទួលបានការផ្គត់ផ្គង់វិជ្ជសាស្ត្រចូលទៅតំបន់ហ្គាហ្សា។ ហើយអាចនាំអ្នករបួសចេញពីតំបន់ហ្គាហ្សាទៅកន្លែងផ្សេងទៀត ដើម្បីទទួលបានការព្យាបាលនៅមន្ទីរពេទ្យ។រយៈពេលប៉ុន្មានម៉ោងទៀត គឺជាពេលវេលាដ៏ធ្ងន់ធ្ងរ និងអាចជាស្ថានភាពតក់ស្លត់បំផុតចំពោះវិស័យសុខាភិបាលទាំងអស់សម្រាប់មនុស្សទាំងអស់ដែរ។
យោធាអ៊ីស្រាអែលនិយាយថាចំនួនអ្នកស្លាប់របស់ខ្លួន បានឡើងដល់ ជាង១.២០០នាក់និងជាង២.៧០០នាក់របួសពីការសម្រុកចូលបាញ់ស្រោចរយៈពេលជាច្រើនម៉ោងរបស់ក្រុមខ្មាន់កាំភ្លើងរបស់ក្រុមហាម៉ាស់ បន្ទាបើពីការវាយលុកឆ្លងព្រំដែនជុំវិញតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍។
ក្រុមមន្ត្រីប៉ាឡេស្ទីននិយាយថាការវាយប្រហារសងសឹកលើតំបន់រងការឡោមព័ទ្ធបានសម្លាប់មនុស្ស ១.០៥៥ នាក់ និងរបួស៥.១៨៤នាក់ ។
យោធាអ៊ីស្រាអែល និយាយថា ខ្លួនបានសម្លាប់ក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីនយ៉ាងហោចណាស់១.០០០នាក់ ដែលជ្រៀតចូលពីតំបន់ហ្គាហ្សា។
ក្រសួងការបរទេសប៉ាឡេស្ទីន និយាយាថា ការវាយប្រហាររបស់អ៊ីស្រអែលចាប់តាំងពីថ្ងៃសៅរ៍មកបានបំផ្លាញអគារលំនៅឋានពលរដ្ឋជាង ២២.៦០០ អគារមន្ទីរពេទ្យ១០កន្លែង និងខូចខាតដល់អគារសាលារៀនចំនួន៤៨កន្លែង៕
