កាលពីថ្ងៃពុធ (១១ តុលា) អ្នកទេសចរជនជាតិប្រេស៊ីលម្នាក់ ដែលត្រឡប់មកពីប្រទេសអ៊ីស្រាអែល បានថ្លែងអំណរគុណដល់ព្រះជាម្ចាស់សម្រាប់ភាពធូរស្រាល នៅពេលដែលខ្លួនអាចជួបជុំគ្រួសារ បន្ទាប់ពីបានចុះចតនៅស្រុកកំណើតវិញតាមជើងហោះហើរមាតុភូមិនិវត្តន៍ ពីប្រទេសអ៊ីស្រាអែល។

អ្នកស្រី Roseli Pereira បានឡើងយន្តហោះរបស់កងទ័ពអាកាសប្រេស៊ីល ដើម្បីជម្លៀសខ្លួនពីអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមអ៊ីស្លាម ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបង្កឲ្យមានសង្រ្គាម និងបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់សា្លប់ និងរងរបួស។

នៅក្នុងលេនដ្ឋានមួយនៅឯសណ្ឋាគារមួយ ដែលអ្នកស្រី និងមិត្តភ័ក្តិ បានឡើងទៅឈរនៅក្រុងហ្សេរូសាឡឹម អ្នកស្រី Pereira បាននិយាយថា ខ្លួនមានអារម្មណ៍ថា មានការ «ភ័យខ្លាច និងតក់ស្លុតយ៉ាងខ្លាំង» សម្រាប់ភាពមិនច្បាស់លាស់នៃអ្វីដែលអាចនឹងកើតឡើងបន្ទាប់ទៀត។
អ្នកស្រី Pereira បានត្រលប់មកផ្ទះវិញជាមួយនឹងក្រុមដំបូងនៃជនជាតិប្រេស៊ីល ដែលបានជម្លៀសចេញពីប្រទេសអ៊ីស្រាអែល កាលពីព្រឹកព្រលឹមថ្ងៃពុធ។ យោងតាមរដ្ឋាភិបាលប្រេស៊ីលបានឲ្យដឹងថា ពលរដ្ឋប្រេស៊ីលចំនួន ២.២០០នាក់បាននិយាយថា ពួកគេចង់ត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ។

ក្រុមអាជ្ញាធរប្រេស៊ីលបញ្ជាក់ថា ពលរដ្ឋពីរនាក់បានស្លាប់ក្នុងការវាយប្រហារថ្ងៃទី៧ ខែតុលា នៅជិតព្រំដែនហ្គាហ្សា និងអ៊ីស្រាអែល ខណៈអ្នកទាំងពីរនោះបានទៅចូលរួមក្នុងមហោស្រពតន្ត្រី ដែលក្រុមហាម៉ាសបានកំណត់គោលដៅវាយប្រហារ៕