
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) បាននិយាយ នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែតុលា) នេះ ថា ពលរដ្ឋថៃចំនួន ២១នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ដោយកើនឡើងពីចំនួននាពេលមុន ដែលត្រូវបានដឹងថា ២០នាក់។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ការធ្វើបច្ចុប្បន្នភាពចំនួននេះកាលពីយប់មិញ គឺជាដំណឹងអាក្រក់ ដែលថា មានជនជាតិថៃម្នាក់ទៀត បានបាត់បង់ជីវិត ដែលចំនួនបានកើនដល់ ២១នាក់ហើយ»។
គួរបញ្ជាក់ដែរថា សង្គ្រាមត្រូវបានបង្កឡើងដោយការវាយប្រហារបង្ហូរឈាមពីសំណាក់ក្រុមហាម៉ាស ហើយបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ រួមជាមួយនឹងមនុស្សប្រហែល ១៥០នាក់ ត្រូវបានចាប់ខ្លួនជាចំណាប់ថ្នូរ។
យោងតាមក្រសួងការងាររបស់ប្រទេសថៃ បានឲ្យដឹងថា មានជនជាតិថៃប្រមាណ ៣០.០០០នាក់ នៅប្រទេសអ៊ីស្រាអែល ដែលភាគច្រើនធ្វើការក្នុងវិស័យកសិកម្ម។ នាពេលនេះ ការព្រួយបារម្ភកំពុងកើនឡើងយ៉ាងខ្លាំង ចំពោះជោគវាសនារបស់ពលរដ្ឋថៃ ១៤នាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។
ក្រុមគ្រួសារសាច់ញាតិដែលពោរពេញទៅដោយក្ដីបារម្ភ បានប្រមូលផ្តុំគ្នា នាព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅឯអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ (Suvarnabhumi) ក្នុងទីក្រុងបាងកក ដើម្បីរង់ចាំការមកដល់នៃជើងហោះហើរពាណិជ្ជកម្ម ដែលដឹកពលរដ្ឋថៃចំនួន ១៥នាក់ ក្នុងនោះរួមទាំងអ្នករងរបួសជាច្រើននាក់ផងដែរ៕