
ប្រធានអគ្គសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ Charles Q. Brown កាលពីថ្ងៃពុធ (១១ តុលា) បាននិយាយថា យោធាសហរដ្ឋអាមេរិកនៅមិនទាន់ឃើញសញ្ញាណាមួយ ដែលថា គូអរិរបស់អ៊ីស្រាអែលផ្សេងទៀត កំពុងរៀបចំធ្វើចលនាប្រឆាំងនឹងអ៊ីស្រាអែលនោះឡើយ បន្ទាប់ពីមានការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។
អំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិកជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin លោក Brown ដែលជាឧត្តមសេនីយ៍ទ័ពអាកាសផ្កាយ៤ បាននិយាយថា៖ «ខ្ញុំមិនបានឃើញភ័ស្តុតាង ឬការចង្អុលបង្ហាញណាមួយពីការមានតួអង្គផ្សេងបន្ថែមទៀត ដែលនឹងចូលរួមក្នុងការបំផ្លាញចំពោះប្រទេសអ៊ីស្រាអែលនោះទេ»។
សូមរំលឹកថា ខ្មាន់កាំភ្លើងក្រុមហាម៉ាស់ បានធ្វើការបាញ់ប្រហារយ៉ាងកម្រោលក្នុងទីក្រុងនានារបស់អ៊ីស្រាអែល កាលពីចុងសប្តាហ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.២០០នាក់ និងចាប់ជាចំណាប់ថ្នូរច្រើននាក់ទៀតយកទៅកាន់តំបន់ហ្គាហ្សា។ អ៊ីស្រាអែលបានសងសឹកជាមួយនឹងការវាយប្រហារតាមអាកាស ដោយបានសម្លាប់មនុស្សជាង ១.០០០នាក់ នៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស ខណៈដែលខ្លួនកំពុងរៀបចំសម្រាប់ការវាយលុកផ្លូវគោកដែលអាចកើតមាន។
កាលពីថ្ងៃអង្គារ (ទី១០ ខែតុលា) ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា យ៉ាងហោចណាស់ជនជាតិអាមេរិកចំនួន ១៤នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍ (ទី ៧ ខែតុលា)៕