
អង្គការណាតូ (NATO) បានប្តេជ្ញាថា នឹងធ្វើការឆ្លើយតប ប្រសិនបើការខូចខាតបំពង់បង្ហូរឧស្ម័ន នៅអឺរ៉ុប ត្រូវបានរកឃើញថា កើតឡើងដោយសារអំពើវិច្ឆេទកម្ម។
បំពង់ Balticconnector បង្ហូរហ្គាស និងតភា្ជប់បណ្ដាញទូរគមនាគមន៍ រវាងប្រទេសហ្វាំងឡង់ និងអេស្តូនី។ ការខូចខាតចំពោះតណភ្ជាប់នេះត្រូវបានបញ្ជាក់នៅដើមសប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុន Gasgrid របស់ប្រទេសហ្វាំងឡង់ បានកត់សម្គាល់ឃើញពីការធ្លាក់ចុះនៃសម្ពាធហ្គាស។
ការស៊ើបអង្កេតកំពុងបន្តធ្វើ ប៉ុន្តែអាជ្ញាធរនៅទីក្រុង Helsinki និយាយថា ការខូចខាតប្រហែលជាដោយសារ «សកម្មភាពខាងក្រៅ»។ ដំណឹងនៃការខូចខាតនេះ កើតឡើងត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះបន្ទាប់ពីបំពង់បង្ហូរហ្គាស Nord Stream នៅសមុទ្របាល់ទិក ត្រូវបានបំផ្លាញដោយការបំផ្ទុះ។ ចាប់តាំងពីពេលនោះមក រុស្ស៊ី និងលោកខាងលិច បានចោទប្រកាន់គ្នាទៅវិញទៅមកថា នៅពីក្រោយការបំផ្ទុះនេះ។
កាលពីថ្ងៃពុធ (ទី១១ ខែតុលា) ប្រធានអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា សម្ព័ន្ធភាពនឹងធ្វើសកម្មភាព ប្រសិនបើអំពើវិច្ឆេទកម្ម ត្រូវបានបញ្ជាក់នៅក្នុងហេតុការណ៍ថ្មីនេះ៕