រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីក្រុមប្រទេសមានឧស្សាហកម្មរីកលូតលាស់ទាំង៧ ឬ G7 បានចូលរួមជាមួយទេសាភិបាលធនាគារកណ្តាល ដើម្បីចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអ្វីដែលពួកគេចាត់ទុកថាជា «ការវាយប្រហារភេរវកម្ម» ដោយក្រុមហាម៉ាស។

រដ្ឋមន្ត្រីទាំងអស់ បានបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយប្រជាជនអ៊ីស្រាអែល។ ក្រុមមន្ត្រី បានជួបពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Marrakech ប្រទេសម៉ារ៉ុក ក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក(WORLD BANK)។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Suzuki Sunichi បានដឹកនាំកិច្ចពិភាក្សា។ លោកបាននិយាយថា ការប្រយុទ្ធគ្នានេះពុំមែនជារបៀបវារៈដំបូងឡើយ ប៉ុន្តែលោកនិងក្រុមមន្ត្រី បានចំណាយពេលច្រើន ដើម្បីពិភាក្សាអំពីផលប៉ះពាល់ដែលអាចមានរួមទាំងទីផ្សារហិរញ្ញវត្ថុ និងតម្លៃថាមពល។ លោកបាននិយាយបន្ថែមថា វាចូលដល់មួយសប្តាហ៍ហើយ ចាប់តាំងពីជម្លោះបានផ្ទុះឡើង ដូច្នេះលោក និងមេដឹកនាំផ្សេងទៀត នឹងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងថាតើវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងដូចម្តេចខ្លះ។
