ពលរដ្ឋឥណ្ឌា និងនេប៉ាល់ ជាង ៤០០នាក់ បានត្រឡប់មកប្រទេសកំណើតវិញពីប្រទេសអ៊ីស្រាអែល ដែលហែកហួរដោយសង្រ្គាម ក្នុងដំណាក់កាលដំបូងនៃប្រតិបត្តិការជួយសង្គ្រោះ និងជម្លៀស ធ្វើឡើងដោយប្រទេសរបស់ពួកគេនៅថ្ងៃសុក្រ ទី១៣ ខែតុលានេះ។
ប្រទេសឥណ្ឌា បានទៅទទួលពលរដ្ឋរបស់ខ្លួនចេញពីអាកាសយានដ្ឋាន Ben Gurion ក្បែរទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍ ជាផ្នែកមួយនៃប្រតិបត្តិការ Ajay ក្នុងប្រតិកម្មទៅនឹងជម្លោះនៅក្នុងប្រទេសអ៊ីស្រាអែល។

ប្រទេសនេប៉ាល់ បានជួយសង្គ្រោះមនុស្ស ២៥៤នាក់ នៅក្នុងពេលដំបូងនៃប្រតិបត្តិការជម្លៀស។ រដ្ឋាភិបាលនេប៉ាល់ បាននិយាយថា ជនជាតិនេប៉ាល់ ២៤៩ នាក់ទៀតនៅតែជាប់គាំងក្នុងប្រទេសអ៊ីស្រាអែល។
អ៊ីស្រាអែល បានប្តេជ្ញាថានឹងកម្ទេចចលនាក្រុមហាម៉ាសឲ្យទៅជាផេះផង់ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សា ក្នុងការសងសឹកចំពោះការវាយប្រហារដ៏ឃោឃៅបំផុតមកលើដីរបស់ខ្លួន។
អ៊ីស្រាអែលបានដាក់តំបន់ហ្គាហ្សា ឲ្យស្ថិតនៅក្រោមការហ៊ុមព័ទ្ធទាំងស្រុង និងចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកខ្លាំងបំផុតរបស់ខ្លួននៅក្នុងប្រវត្តិសាស្រ្តរយៈ៧៥ ឆ្នាំនៃជម្លោះកន្លងទៅនេះ៕

