ភ្នំពេញ ៖ប្រជាពលរដ្ឋបានសម្ដែងនូវសាទរភាពរីករាយ ចំពោះគម្រោងស្ពានបេតុងខ្សែកាប តភ្ជាប់ពីកោះពេជ្រ ទៅកោះនរា នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដែលបានជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានយ៉ាងងាយស្រួល សម្រាប់ការចេញចូល ពីរាជធានីភ្នំពេញ ទៅតាមផ្លូវជាតិលេខ១ ជាពិសេសបានកាត់បន្ថយការកកស្ទះចរាចរណ៍ដែលធ្លាប់កើតមានកាលពីពេលកន្លងទៅ។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាប តភ្ជាប់ពីកោះពេជ្រទៅកោះនរា នៅព្រឹកថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៣ នេះបានសម្ដែងការសប្បាយរីករាយជាទីបំផុត ចំពោះសមិទ្ធផលក្រោមការគិតរបស់ររាជរដ្ឋាភិបាល បានកើតឡើងជាបន្តបន្ទាប់ នូវគ្រប់ហេដ្ឋា រចនាសម្ព័ន្ធ ជាពិសេសស្ពានបេតុខ្សែកាប នេះមកកាន់ផ្លូវជាតិលេខ១ ពិតជាបានចូលរួម ចំណែកយ៉ាងសំខាន់ សម្រាប់បម្រើផលប្រយោជន៍រួមជាពិសេសសម្រាប់ការធ្វើដំណើរប្រជាពលរដ្ឋក្នុងរដូវបុណ្យភ្ជុំនេះ។
ប្រជាពលរដ្ឋបានលើកឡើងស្រដៀងគ្នាថា ស្ពានបេតុងខ្សែកាប កោះពេជ្រ ទៅកោះនរាដែលបានបើកដំណើរការបណ្តោះអាសន្ននាឱកាសបុណ្យភ្ជុំបិណ្ឌនៅក្នុងរយៈពេល ៥ ថ្ងៃនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានយ៉ាងល្អ ប្រសើរ ជាពិសេសបានកាត់បន្ថយការកកស្ទះចរាចរណ៍ ក្នុងខណ្ឌច្បារអំពៅបានមួយចំនួនធំ។
សូមជម្រាបថា ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យដំណើរការស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរានេះបណ្តោះអាសន្នកាលពីល្ងាចថ្ងៃទី១២ រហូតដល់ ថ្ងៃទី ១៦ ខែតុលាស្អែកនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីការធ្វើបុណ្យទាននៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ៕ អត្ថបទ៖ សុន រ៉ាឌី




