តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាកេរ្តិ៍តំណែលរបស់ពុទ្ធបរិស័ទគោរពប្រតិបត្តិតរៀងមក នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានសហការជាមួយប្រធានមន្ទីរធម្មការខេត្ត ព្រះមេគណខេត្ត និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅ នៅតាមទីអារាមចំនួន១៥វត្ត នៃខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
ឯកឧត្តម ចាយ បូរិន បានថ្លែងថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ក៏បានរំលឹកដល់ប្រជាពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងស្រុកក្រវាញ ខេត្តពោធិ៍សាត់ ត្រូវប្រុងប្រយ័ត្នយកចិត្តទុកដាក់ថែទាំសុខភាព ពោលគឺហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីបង្ការនូវផលលំបាកផ្សេងៗ។ ពិសេសនារដូវទឹកស្រកនេះត្រូវខិតខំបង្កបង្កើនផល និងបង្កើនមុខរបរកស៊ី ដើម្បីលើកកម្ពស់ជីវភាពរស់នៅក្នុងក្រុមគ្រួសារ។
នៅក្នុងឱកាសប្រកបដោយបីតិសោមនស្សជ្រះថ្លានេះដែរ ឯកឧត្តម ចាយ បូរិន បានប្រគេននូវទេយ្យទាន ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់វត្តចំនួន១៥ ក្នុងនោះនៅខេត្តកំពង់ឆ្នាំងចំនួន៥វត្ត និងខេត្តពោធិ៍សាត់ចំនួន១០វត្ត ដោយវត្តទាំង១៥ប្រគេនអង្ករសរុបចំនួន ៧៥០០គីឡូក្រាម មី៣៧៥កេស និងបច្ច័យ ដើម្បីចូលរួមចំណែកទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅក្នុងខេត្តទាំងពីរ៕ អត្ថបទ រដ្ឋា








