ភ្នំពេញ៖ ក្នុងសប្តាហ៍នេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នឹងតំណាងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន ដែលរៀបចំឡើងដោយលោកប្រធានាធិបតី ម៉ាក្រូន នាទីក្រុងប៉ារីស។

ដោយទទួលស្គាល់ពីសក្តានុពលនៃការផ្តល់អាហារតាមសាលារៀន ដើម្បីពង្រើកការអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងលើប្រព័ន្ធអាហារក្នុងស្រុក ប្រទេសកម្ពុជា បានចូលជាសមាជិករបស់សម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀននៅឆ្នាំ២០២១ ស្របពេលដែលសម្ព័ន្ធរដ្ឋនេះបានប្រកាសឱ្យប្រើប្រាស់នៅក្នុងកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិ គឺជាការផ្តួចផ្តើមសកលមួយដែលមានប្រទេសបារាំង និងប្រទេសហ្វាំងឡង់ជាសហប្រធាន។ បេសកកម្មរបស់សម្ព័ន្ធរដ្ឋផ្តល់អាហារគឺធានាថានៅឆ្នាំ២០៣០ កុមារគ្រប់រូបមិនថាកុមារណាឡើយគឺមានលទ្ធភាពទទួលបានអាហារដែលមានអាហារូបត្ថម្ភល្អ និងមានជីវជាតិជម្រុញក្នុងការលូតលាស់ និងរីកចម្រើនដល់ការសិក្សា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា «ជាការពិត ការធ្វើជាតូបនីយកម្មរបស់កម្មវិធីជាតិផ្តល់អាហារតាមសាលារៀនរបស់កម្ពុជា ដែលបានចាប់ផ្តើមនៅឆ្នាំ ២០២០ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក៏បានទាក់ទាញអោយកុមារជាច្រើនមកសាលារៀន ព្រមទាំងគាំទ្រដល់ការសិក្សា ការទទួលបានអាហារូបត្ថម្ភល្អ និងការគិតគូរពីសុខភាព និងសុខុមាលភាពរបស់ពួកគាត់ ផងដែរ»។
ឯកឧត្តមបានបន្តទៀតថា កម្មវិធីស្បៀងអាហារពិភពលោក(WFP) កំពុងធ្វើការជាមួយអាជ្ញាធរជាតិ និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតនូវលក្ខខណ្ឌប្រកបផ្សេងៗ សម្រាប់គាំទ្រដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងទាំងស្រុងលើកម្មវិធីមួយនេះ ដូចជាការធានាអោយបានថា កម្មវិធីផ្តល់អាហារតាមសាលារៀននឹងត្រូវបានបញ្ចូលក្នុងថវិកាជាតិ ផែនការថ្នាក់ជាតិ និងគម្រោងគាំពារជាតិរបស់ប្រទេសកម្ពុជា។

ដើម្បីជាការត្រៀមខ្លួនក្នុងការចូលរួមកិច្ចប្រជុំកំពូលសម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក Jacques PELLET ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រីនាយិកាប្រចាំប្រទេសរបស់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បានបំពេញទស្សនកិច្ចរួមគ្នា ចុះត្រួតពិនិត្យដោយផ្ទាល់លើ កម្មវិធីផ្ដល់អាហារតាមសាលារៀន នៅសាលាបឋមសិក្សាអង្គសិរី ក្នុងខេត្តកំពង់ឆ្នាំង។ ជារៀងរាល់ព្រឹក សាលារៀននេះបានផ្តល់អាហារពេលព្រឹកដែលសម្បូរទៅដោយអាហារូបត្ថមជូនដល់សិស្សមត្តេយ្យ និងបឋមសិក្សាប្រមាណជាង២០០នាក់។ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏ល្អដែលឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងបានចុះពិនិត្យផ្ទាល់ពីការអនុវត្តលើកម្មវិធីផ្តល់អាហារតាមសាលារៀនជាតិ។

ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា «ក្នុងនាមជាសហប្រធាននៃសម្ព័ន្ធរដ្ឋផ្តល់អាហារតាមសាលារៀន យើងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះបុព្វហេតុដ៏ថ្លៃថ្លានៃការផ្តល់អាហារូបត្ថម្ភ និងការអប់រំសកលទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ»។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្ថែមដោយគូសបញ្ជាក់ថា ប្រទេសបារាំងបានគាំទ្រយ៉ាងសកម្មទាំងក្នុងប្រទេសរបស់ខ្លួន និងទូទាំងពិភពលោក តាមរយៈកម្មវិធីផ្តល់អាហារតាមសាលារៀនរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP)។ ដំណើរទស្សនកិច្ចរបស់យើងទៅកាន់សាលារៀននៅថ្ងៃនេះគឺពិតជាអស្ចារ្យ ដែលពួកយើងបានពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិរបស់យើង និងពង្រឹងចក្ខុវិស័យរួមសម្រាប់ពិភពលោកមួយដែលកុមារគ្រប់រូបត្រូវបានចិញ្ចឹមបីបាច់ទាំងផ្លូវកាយ និងផ្លូវចិត្ត៕
