ខណៈប្រទេសអ៊ីស្រអែល ត្រៀមសម្រាប់ការវាយលុកតាមដីគោកចូលទៅក្នុងតំបន់ហ្គាហ្សា សហគមន៍អន្តរជាតិ បានរួបរួមគ្នា ដើម្បីព្យាយាមការពារជនស៊ីវិលនិងទប់ស្កាត់ជម្លោះ មិនឲ្យរាលដាលនៅទូទាំងតំបន់។ ប៉ុន្តែការប្តេជ្ញាចិត្តដែលបានសន្យារបស់អ៊ីស្រាអែល ដើម្បីកម្ទេចក្រុមហាម៉ាស់ ជាក្រុមនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា កំពុងរារាំងកិច្ចប្រឹងប្រែងសម្របសម្រួល។ ដូច្នេះមានការប៉ះទង្គិចគ្នាច្រើននៅតាមបណ្តោយព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល ជាមួយប្រទេសលីបង់។

ក្នុងចំណោមតួអង្គអន្តរជាតិសកម្មបំផុតគឺសហរដ្ឋអាមេរិក ដែលរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់ចំនួន៦ កាលពីថ្ងៃសុក្រទី ១៣ ខែតុលា ដោយបានធ្វើទស្សនកិច្ច នៅប្រទេសហ្សកដានី កាតា បារ៉ែន អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងប្រទេសអេហ្ស៊ីប។
ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនមានការព្រួយបារម្ភដើម្បីបញ្ចៀសការបើកសមរភូមិលើកទី២ជាមួយជីវពលក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសលីបង់។ ប៉ុន្តែពួកគេប្រាកដណាស់ចំពោះការគាំទ្ររបស់ពួកគេ សម្រាប់សិទ្ធរបស់អ៊ីស្រាអែល ដើម្បីកាពារខ្លួន។
ប្រទេសអេហ្ស៊ីប កាតា និងទួរគី ក៏កំពុងព្យាយាមទប់ស្កាត់វិបត្តិនេះ។ ប្រទេសទាំងអស់នេះមានទំនាក់ទំនងល្អជាមួយប្រទេសអ៊ីស្រាអែល ហើយអ្នកជំនាញគិតថាពួកគេនឹងមានឥទ្ធិពលខ្លះលើក្រុមហាម៉ាស់។ ប្រទេសចិន និងរុស្ស៊ី មានការយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះការឆ្លើយតបទៅនឹងការវាយប្រហារ។ប៉ុន្តែប្រទេសទាំងពីរនេះ អាចមានឥទ្ធិពលខ្លះលើប្រទេសអ៊ីរ៉ង់ជាសត្រូវដែលអ៊ីស្រាអែលបានស្បត់ ដើម្បីការពារជម្លោះមិនឲ្យរាលដាល។ ទីក្រុងតេអេរ៉ង់ បានគាំទ្រក្រុមហេសបូឡា និងក្រុមហាម៉ាស់ជាយូរមកហើយ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានអំពាវនាវតាមកិច្ចប្រជុំកំពូលតាមវីដេអូ ដល់មេដឹកនាំសហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះដើម្បីស្វែងរកជំហររួមគ្នាចំពោះសង្គ្រាមនេះ។

