មន្ត្រីជាន់ខ្ពស់ទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃចន្ទថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានបង្កើតបណ្តាញទំនាក់ទំនងត្រីភាគី ដែលជាសញ្ញាមួយផ្សេងទៀតនៃវឌ្ឍនភាពក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខបីភាគីរបស់ពួកគេ ចំពេលមានការគំរាមកំហែងផ្នែកយោធាដែលកំពុងវិវឌ្ឍន៍របស់ប្រទេសកូរ៉េខាងជើង និងភាពអារិភាពកាន់តែកើនឡើងរបស់ចិន។

ការបង្កើតបណ្តាញទូរស័ព្ទទំនាក់ទំនងបន្ទាន់នេះ បានកើតឡើងបន្ទាប់ពី លោកប្រធានាធិបតី Yoon Suk Yeol និងសមភាគីអាមេរិក និងជប៉ុនរបស់លោកគឺ លោក ចូ បៃដិន និង លោក ហ្វូមីអូ គីស៊ីដា ម្នាក់ៗ បានយល់ព្រមលើ «ការប្តេជ្ញាចិត្ត ដើម្បីពិគ្រោះ» គ្នាទៅវិញទៅមក នៅក្នុងព្រឹត្តិការណ៍នៃការគំរាមកំហែងជាទូទៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេនៅឯវិមានលំហែកម្សាន្ត Camp David នៅជាយក្រុងវ៉ាស៊ីនតោន ក្នុងខែសីហា។
ខ្សែទូរស័ព្ទទំនាក់ទំនងបន្ទាន់នេះ ត្រូវបានគេនិយាយថា ដើម្បីភ្ជាប់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសទាំងបី ដោយអនុញ្ញាតឲ្យមានការទំនាក់ទំនងជាសំឡេង និងវីដេអូក្នុងចំណោមមេដឹកនាំ និងមន្ត្រីសន្តិសុខជាន់ខ្ពស់ របស់ពួកគេ នៅពេលណាក៏បាន។
មន្ត្រីរូបនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap តាមទូរស័ព្ទ ដោយសុំមិនបញ្ចេញឈ្មោះថា៖«បណ្តាញទូរស័ព្ទទំនាក់ទំនងបន្ទាន់ក្នុងចំណោមប្រទេសទាំងបី ត្រូវបានបង្កើតឡើង ហើយការធ្វើតេស្តក្នុងចំណោមអ្នកបច្ចេកទេសរបស់ប្រទេសទាំងនេះ ក៏ត្រូវបានបញ្ចប់ហើយ ដែរ។