បណ្ដាមន្ត្រីរាជការ និងនិយោជិតនៃសហគ្រាសទាក់ទងជាមួយរដ្ឋរបស់ប្រទេសចិន កំពុងប្រឈមមុខនឹងឧបសគ្គកាន់តែតឹងរ៉ឹងលើការធ្វើដំណើរឯកជនទៅបរទេស ព្រមទាំងការត្រួតពិនិត្យទំនាក់ទំនងបរទេសរបស់ពួកគេ នេះបើយោងតាមការជូនដំណឹងផ្លូវការ និងមនុស្សជាងរាប់សិបនាក់ ដែលដឹងពីបញ្ហានេះ ខណៈដែលទីក្រុងប៉េកាំង ធ្វើយុទ្ធនាការប្រឆាំងនឹងឥទ្ធិពលបរទេស។

បុគ្គលិកបច្ចុប្បន្ន និងអតីតបុគ្គលិកចំនួន១០នាក់ បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ការទប់ស្កាត់ការធ្វើដំណើរនោះ ត្រូវបានពង្រីកចាប់តាំងពីឆ្នាំ ២០២១មក ដើម្បីរួមបញ្ចូលការហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេស ដែនកំណត់កាន់តែតឹងរ៉ឹងលើភាពញឹកញ៉យ និងរយៈពេលនៃការធ្វើដំណើរ ដំណើរការអនុម័តដ៏លំបាក ព្រមទាំងការបណ្តុះបណ្តាលរក្សាការសម្ងាត់មុនពេលចេញដំណើរផងដែរ ហើយពួកគេនិយាយថា វិធានការនេះមិនពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ នោះទេ។

សកម្មភាពនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង លើសន្តិសុខជាតិ ស្របពេលមានទំនាក់ទំនងដ៏អាក្រក់ជាមួយលោកខាងលិច នេះបើតាមអ្នកជំនាញពីរនាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ។
ប្រទេសចិន ក្នុងប៉ុន្មានខែថ្មីៗនេះ បានលើកទឹកចិត្តពលរដ្ឋឱ្យចូលរួមក្នុងសកម្មភាពប្រឆាំងចារកម្ម និងបានណែនាំច្បាប់ថ្មីដែលពង្រីកនិយមន័យនៃចារកម្មពីក្រៅប្រទេសផងដែរ៕