
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) កាលពីថ្ងៃចន្ទ (ទី១៦ ខែតុលា) បានច្រានចោលសេចក្តីសម្រេចរបស់រុស្ស៊ី ដែលថ្កោលទោសអំពើហិង្សា ដែលកំពុងកើនឡើង នៅមជ្ឈិមបូព៌ា ដោយគណៈប្រតិភូបានបដិសេធមិនគាំទ្រ ចំពោះសកម្មភាព ដែលមិនរួមបញ្ចូលក្រុមហាម៉ាស សម្រាប់ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ខ្លួនលើអ៊ីស្រាអែល ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤០០នាក់ស្លាប់។
ក្រុមប្រឹក្សានេះបានជួបប្រជុំគ្នា ក្នុងខណៈពេលដែលអ៊ីស្រាអែល បានត្រៀមខ្លួនសម្រាប់ការវាយលុកផ្លូវគោក ដែលរំពឹងទុក លើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីមានការវាយប្រហារតាមអាកាស និងកាំភ្លើងធំ ដែលក្រុមមន្ត្រីបាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២,៧៥០នាក់។
ការជួបប្រជុំគ្នានេះ ក៏បានកើតឡើងផងដែរ នៅពេលដែលសេតវិមាន បានឲ្យដឹងថា ប្រធានាធិបតី លោក Joe Biden នឹងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល នៅថ្ងៃពុធ ក្នុងដំណើរទស្សនកិច្ចមួយ ដែលត្រូវបានរៀបចំឡើង ដើម្បីធ្វើឲ្យមានតុល្យភាពការគាំទ្រ សម្រាប់សម្ព័ន្ធមិត្តដ៏សំខាន់ជាមួយនឹងការអំពាវនាវឲ្យមានការអត់ធ្មត់ ក្នុងប្រតិបត្តិការរបស់ខ្លួន នៅតំបន់ហ្គាហ្សា។
មានតែប្រទេសចំនួន ៤ប៉ុណ្ណោះ ដែលបានបោះឆ្នោតគាំទ្ររុស្ស៊ីលើអត្ថបទ ដែលបានស្នើរបស់ខ្លួន។ ៤ប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិកផង បានបោះឆ្នោតប្រឆាំងនឹងសំណើនេះ ខណៈ ៦ប្រទេសអនុបវាទ។
ឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោក Vassily Nebenzia បាននិយាយថា ទោះបីជាមិនទទួលបានការគាំទ្រក៏ដោយ ក៏សេចក្ដីសម្រេចនេះបានជំរុញឲ្យក្រុមប្រឹក្សាមានវិធានការ៕