
ឡានដឹកជញ្ជូនជំនួយមនុស្សធម៌ដែលត្រូវការយ៉ាងធ្ងន់ធ្ងរទៅកាន់តំបន់ហ្គាហ្សា បានជាប់គាំងនៅខាងក្រៅព្រំដែនរបស់អ៊ីស្រាអែលជាមួយអេហ្ស៊ីប នៅមុនការវាយលុកតាមជើងគោកដែលបានគ្រោងទុក ដែលបានធ្វើឲ្យតំបន់នេះមិនអាចទទួលបានប្រេងឥន្ធនៈ ឱសថ ស្បៀងអាហារ និងទឹកប្រើប្រាស់ទេ។
សារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ច្រកឆ្លងកាត់ទីក្រុង Rafah ដែលជា «ផ្លូវជួយសង្គ្រោះជីវិត» របស់តំបន់ហ្គាហ្សាសម្រាប់ជំនួយអន្តរជាតិ ត្រូវបានបិទអស់រយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើប៉ុស្តិ៍ត្រួតពិនិត្យ ដែលធ្វើឲ្យផ្លូវឆ្លងកាត់មិនអាចដំណើរការបាន។ អ៊ីស្រាអែល បានបន្តទម្លាក់គ្រាប់បែកនៅតំបន់នេះ។
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានប្រាប់សារព័ត៌មាន ABC News កាលពីថ្ងៃចន្ទថា ប្រទេសអេហ្ស៊ីប បាននឹងកំពុងស្វែងរកការរក្សាប្រតិបត្តិការឆ្លងកាត់ និងតាមរបៀប ដែលអនុញ្ញាតឲ្យ ជំនួយមនុស្សធម៌ចូលបាន។
លោកបានបន្ថែមថា៖«រហូតមកដល់ពេលនេះ ជាអកុសល រដ្ឋាភិបាលអ៊ីស្រាអ៊ែល មិនទាន់បានប្រកាន់ជំហរអនុញ្ញាតឲ្យបើកច្រកឆ្លងកាត់ពីខាងហ្គាហ្សាសម្រាប់ការចូលផ្តល់ជំនួយ ឬច្រកចេញរបស់ជនជាតិនៃប្រទេស[ផ្សេងទៀត] នោះទេ»។
សារព័ត៌មាន AP បានរាយការណ៍ថា ប្រជាជនប៉ាឡេស្ទីនជាង ៤០០.០០០ នាក់ នៅក្នុងទីក្រុងនានានៅទូទាំងភាគខាងត្បូងនៃតំបន់នេះ បានជ្រកកោននៅតាមមន្ទីរពេទ្យ និងសាលារៀន កាលពីថ្ងៃចន្ទ។ អ៊ីស្រាអែល បានអំពាវនាវឲ្យមនុស្សជាងមួយលាននាក់ ជម្លៀសខ្លួនចេញពីតំបន់ភាគខាងជើងនៃដែនដីនេះ
ទៅកាន់ភាគខាងត្បូង ខណៈដែលអ៊ីស្រាអែល ឈានចូលដំណាក់កាលថ្មីនៃការវាយលុកពេញទំហឹងទៅលើក្រុមហាម៉ាស។