
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសន្យាជំរុញឧស្សាហកម្មការពារជាតិ ជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្រសន្តិសុខជាតិ នៅថ្ងៃអង្គារនេះ ដោយថ្លែងសុន្ទរកថាបើកនៅក្នុងពិព័រណ៍ការពារជាតិធំបំផុតមិនធ្លាប់មានរបស់ប្រទេសនេះ។
លោក Yoon បានថ្លែងនៅក្នុងពិព័រណ៍ការពារជាតិ និងដែនអាកាសអន្តរជាតិទីក្រុងសេអ៊ូលដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តងថា សមត្ថភាពដ៏លើសលប់របស់សម្ព័ន្ធមិត្តអាមេរិក-កូរ៉េខាងត្បូង កំពុងដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ ដោយកត់សម្គាល់ពីយុទ្ធោបករណ៍របស់សហរដ្ឋអាមេរិក។
ការហោះហើរទាបដ៏កម្រដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 បំពាក់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ត្រូវបានបង្ហាញអំឡុងពិធីបើកធ្វើឡើងនៅអាកាសយានដ្ឋានទីក្រុងសេអ៊ូល ក្នុងតំបន់ Seongnam ប្រទេសកូរ៉េខាងត្បូង។
ទីក្រុងព្យុងយ៉ាងបានរិះគន់សហរដ្ឋអាមេរិកដដែលៗជុំវិញការដាក់ពង្រាយធនធានយុទ្ធសាស្ត្រនៅក្នុងតំបន់នេះ រួមទាំងការមកដល់កាលពីពេលថ្មីៗ នៃនាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក ដោយចាត់ទុកវាថាជាការបង្ករឿង។