ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានចេញធ្វើបាតុកម្ម នៅទូទាំងតំបន់មជ្ឈឹមបូព៌ានិងនៅអាហ្វ្រិកខាងជើងកាលពីថ្ងៃអង្គារដើម្បីបង្ហាញ ពីកំហឹងរបស់ពួកគេក្នុងការបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដ៏ឃោឃៅលើមន្ទីពេទ្យ Al-Ahli al-Arabi ក្នុងតំបន់ហ្គាហ្សា។ ការតវ៉ាព្រមៗគ្នា បានផ្ទុះឡើងនៅក្នុងប្រទេសហ្សកដានី ទួរគី លីបង់ អ៊ីរ៉ង់ និងប្រទេសអ៊ីរ៉ាក់ ព្រមទាំងនៅទីក្រុងជាច្រើនក្នុងតំបន់ West Bank ដូចជាទីក្រុង Ramallah ជាដើម។

ការធ្វើបាតុកម្មទាំងនេះ ធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការបំផ្ទុះនៅមន្ទីរពេទ្យ ដែលតាមការសន្និដ្ឋានជាការវាយប្រហារដ៏ឃោឃៅបំផុតមួយ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ ចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា។ ក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សា និយាយថាមនុស្សយ៉ាងហោចណាស់៥០០នាក់ បានស្លាប់ ខណៈគ្រាប់បែកបានធ្លាក់ លើមន្ទីរពេទ្យតំបន់ហ្គាហ្សាភាគកណ្តាល ជាកន្លែងដែលពលរដ្ឋប៉ាឡេស្ទីនជម្លៀសខ្លួន កំពុងស្នាក់នៅក្នុងទីជម្រក។

អង្គការសុខភាពពិភពលោកបានថ្កោលទោសការវាយប្រហារទៅលើមន្ទីរពេទ្យកាលពីថ្ងៃអង្គារ និងបានទាមទារឲ្យមានការការពារជនស៊ីវិលនិងបុគ្គលិកសុខាភិបាលជាបន្ទាន់នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។
អ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera បានរាយការណ៍ថា យ៉ាងហោចណាស់ទីក្រុងជិត១០ទីក្រុង នៅក្នុងប្រទេសអ៊ីរ៉ង់ បានមើលឃើញការតវ៉ា ផ្ទុះឡើង ភ្លាមៗបន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យ។
មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ បាននិយាយកាលពីព្រឹកថ្ងៃអង្គារថាកាលណាបណ្តាប្រទេសមូស្លីម ពលរដ្ឋមូស្លីមមានកំហឹង វាពិបាកក្នុងការទប់ស្កាត់ពីការបញ្ចេញកំហឹងរបស់ពួកគេ។ នោះជារឿងពិតប្រាកដ នូវអ្វីដែលយើងកំពុងមើលឃើញនៅតាមដងផ្លូវ នៅប្រទេសទាំងនេះ និងយ៉ាងពិតប្រាកដនៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។