ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានលើកឡើងពីក្តីបារម្ភដ៍ខ្លាំង អំពីឥរិយាបថនៃប្រតិបត្តិការដ៏គ្រោះថ្នាក់របស់យន្តហោះយោធាចិននៅក្នុងដែនអាកាសអន្តរជាតិ រួមទាំងការហោះហើរទៅជិតយន្តហោះយោធាសហរដ្ឋអាមេរិកយ៉ាងគ្រោះថ្នាក់។

ក្រសួងការពារជាតិ បានបញ្ចេញរូបភាព និងវីដេអូកាលពីថ្ងៃអង្គារបង្ហាញ១៥ករណីនៃឥរិយាបថប្រតិបត្តិការដ៏គ្រោះថ្នាក់ និងមានឥទ្ធិពលដោយយន្តហោះចម្បាំងរបស់ចិន នៅតំបន់សមុទ្រចិនខាងកើត និងខាងត្បូង។
រូបភាព និងវីដេអូជាច្រើន ត្រូវបានថតនៅចន្លោះខែមករា ឆ្នាំ២០២២ និងខែកញ្ញាឆ្នាំ២០២៣។ វីដេអូចាប់តាំងពីខែឧសភា ឆ្នាំ២០២២បានបង្ហាញពីយន្តហោះចម្បាំងចិន ឆ្លងកាត់ក្រោមយន្តហោះយោធាសហរដ្ឋអាមេរិក នៅសមុទ្រចិនខាងកើត។ ក្រសួងការពារជាតិនិយាយថាអាកាយានិកអាមេរិក បានបើកចេញឆ្ងាយរវាងយន្តហោះទាំងពីរ ប៉ុន្តែអាកាសយានិកចិនបានខិតមកជិតជាថ្មី ក្នុងចម្ងាយប្រមាណ៣ម៉ែត្រ ក្រោមយន្តហោះរបស់អាមេរិក។
វីដេអូមួយផ្សេងទៀត កាលពីខែកក្កដាឆ្នាំនេះ បានថតយន្តហោះចម្បាំងចិន កំពុងដាក់ពង្រាយភ្លើងសញ្ញានៅសមុទ្រចិនខាងកើត។
មេបញ្ជាការនៃទីបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក ឧត្តមនាវីឯក John Aquilino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោក មានការព្រួយបារម្ភខ្លាំង អំពីសក្តានុពលសម្រាប់ឧបទ្ទវហេតុ ហើយឧបទ្ទវហេតុទាំងនោះ អាចឈានទៅរកការសន្និដ្ឋានខុស។

