កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសថា បានរកឃើញប្រជាពលរដ្ឋ ៤៨នាក់បន្ថែមទៀតឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនរកឃើញនៅស្រុកព្រៃឈរ និងស្រុកជើងព្រៃ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញនៅលើប្រជាពលរដ្ឋ ២៣នាក់នៅស្រុកជើងព្រៃ ហើយបន្ទាប់មកស្រុកព្រៃឈរ រកឃើញករណីឆ្លងថ្មី ២២នាក់ទៀត។ ចំណែកឯ ៣ករណីទៀត រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថា រកឃើញនៅស្រុកចំការលើ ២នាក់ និងស្រុកបាធាយ ១នាក់។
ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញនៅក្នុងចំណោមការតេស្តសំណាកប្រជាពលរដ្ឋ ៥៨៣នាក់ដែលធ្វើឡើងកាលពីថ្ងៃម្សិលមិញនេះ។
រដ្ឋបាលខេត្តនេះក៏បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ៨១នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយផងដែរកាលពីថ្ងៃម្សិលមិញនេះ។
គិតត្រឹមថ្ងៃនេះ អ្នកជំងឺកូវីដ-១៩សរុប ៤២៨នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ហើយអ្នកជំងឺកូវីដ-១៩ចំនួន ៥៦៦នាក់ផ្សេងទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕
