បាល់ទាត់៖ ក្រុមជើងឯក Serie A, Inter Milan បានប្រកាសតែងតាំងអតីតអ្នកចាត់ការ Lazio លោក Simone Inzaghi ជំនួសតំណែងលោក Antonio Conte ដែលចាកចេញសប្ដាហ៍មុន។ បុរសវ័យ ៤៥ឆ្នាំ Simone Inzaghi បានចូលកាន់តំណែងក្រុមជើងឯកអ៊ីតាលីជាមួយនឹងកិច្ចសន្យា ២ឆ្នាំមានន័យថា លោកបញ្ចប់ការរួមរស់ជាមួយ Lazio រយៈពេល ២២ឆ្នាំតាំងពីកីឡាករ រហូតដល់អ្នកចាត់ការ។

លោក Simone Inzaghi ដែលធ្លាប់ឈ្នះជើងឯក Coppa Italia និង Italian Super Cup ២លើកនោះបានដឹកនាំ Lazio បញ្ចប់រដូវកាលលេខ ៦ នៅ Serie A រដូវកាលដែលទើបបញ្ចប់កន្លងទៅ។ Simone Inzaghi គឺជាប្អូនប្រុសបង្កើតរបស់អតីតខ្សែប្រយុទ្ធ Juventus និង AC Milan, Filippo Inzaghi។ Simone Inzaghi រដូវកាលកន្លងទៅក៏ដឹកនាំ Lazio ឡើងវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League ដែលជាការបង្ហាញខ្លួនលើកដំបូងក្នុងរយៈពេល ១៣ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ