វាយកូនបាល់៖ កីឡាករកំពូលទាំងបី Roger Federer, Novak Djokovic និង Rafael Nadal សុទ្ធតែបន្តដំណើរឡើងជុំទី៣ នៃការប្រកួត Grand Slam, French Open បន្ទាប់ពីជ័យជំនះរៀងៗខ្លួន។

កីឡាករវ័យ ៣៩ឆ្នាំស្វ៊ីស Roger Federer បានយកឈ្នះកីឡាករក្រូអាស៊ី Marin Cilic ក្នុងលទ្ធផលតានតឹងផងដែរ ៦-២, ២-៦, ៧-៦(៧-៤) និង ៦-២ ហើយក៏មានការទាស់សំដីតវ៉ាជាមួយមន្ត្រីអាជ្ញាកណ្តាលផងដែរ។ ជុំបន្ត Roger Federer នឹងត្រូវជួបជាមួយកីឡាករអាល្លឺម៉ង់ Dominik Koepfer។ ងាកមកការប្រកួតរបស់កីឡាករស៊ែប Novak Djokovic បានឈានឡើងជុំទី៣ French Open ១៦ឆ្នាំជាប់គ្នាក្រោយជ័យជំនះលើកីឡាករអ៊ុយរូហ្កាយ Pablo Cuevas លទ្ធផល ៦-៣, ៦-២ និង ៦-៤ ក្នុងជំនួបដំបូងរបស់កីឡាករទាំងពីរ។ Djokovic នឹងឡើងជួបជាមួយកីឡាករលីទុយអានី Ricardas Berankis លំដាប់លេខ ៩៣ ពិភពលោក។

ជើងឯក Grand Slam ១៨លើករូបនេះកំពុងស្វែងរកពាន French Open លើកទី២ របស់ខ្លួនបន្ទាប់ពីឈ្នះលើកដំបូងនៅឆ្នាំ២០១៦។ ចំណែកកីឡាករអេស្ប៉ាញអ្នកការពារតំណែងជើងឯក Rafael Nadal បានយកឈ្នះកីឡាករបារាំង Richard Gasquet ៦-០, ៧-៥ និង ៦-២ អបអរថ្ងៃកំណើតឈានចូលវ័យ ៣៥ឆ្នាំ។ Rafael Nadal ដែលជាម្ចាស់ជើងឯក French Open នេះដល់ទៅ ១៣លើកនឹងបន្តជួបជាមួយកីឡាករអង់គ្លេស Cameron Norrie នៅជុំទី៣៕
អត្ថបទ៖នាង សុភាវុធ