ការរិយាល័យរបស់លោក បាននិយាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នឹងទៅដល់ប្រទេសអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែតុលានេះ និងជួបជាមួយនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu និងប្រធានាធិបតីលោក Isaac Herzog មុនពេលធ្វើដំណើរទៅកាន់រដ្ឋធានីផ្សេងទៀត។

លោក Sunak បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មុនដំណើរទស្សនកិច្ចរបស់លោកថា រាល់អ្នកស្លាប់ជាជនស៊ីវិល គឺជាសោកនាដកម្ម ហើយការបាត់ជីវិតមនុស្សយ៉ាងច្រើននេះ បណ្តាលមកពីសកម្មភាពភេរវកម្មដ៏រន្ធត់របស់ក្រុមហាម៉ាស់។
លោកនិយាយថា ការបំផ្ទុះដ៏ឃោឃៅ នៅមន្ទីរពេទ្យតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារដែលបានបណ្តាលឲ្យពលរដ្ឋប៉ាឡេស្ទីនរាប់រយនាក់ស្លាប់នឹងជាចំណុចបំបែកមួយសម្រាប់មេដឹកនាំនៅក្នុងតំបន់ និងនៅទូទាំងពិភពលោក ដែលត្រូវរួមគ្នាដើម្បីបញ្ចៀសការីកធំជម្លោះដ៏គ្រោះថ្នាក់បន្ថែមទៀត ដោយលោកបានសន្យាថាចក្រភពអង់គ្លេសនឹងឈានមុខចំពោះកិច្ចប្រឹងប្រែងនេះ។
លោក Sunak នឹងជំរុញការបើកផ្លូវដើម្បីអនុញ្ញាតឲ្យជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា ឲ្យបានកាន់តែឆាប់ និងផ្តល់លទ្ធភាពដល់ប្រជាជនអង់គ្លេសដែលជាប់គាំងនៅក្នុងតំបន់ហ្គាហ្សាឲ្យចាកចេញ។ អ្នកនាំពាក្យលោកSunak បាននិយាយកាលពីព្រឹកថ្ងៃពុធថា យ៉ាងហោចណាស់មានពលរដ្ឋអង់គ្លេស៧នាក់ បានស្លាប់ និងយ៉ាងហោចណាស់៩នាក់ កំពុងបាត់ខ្លួន ចាប់តាំងពីការវាយប្រហារមកលើប្រទេសអ៊ីស្រាអែល។

ការិយាល័យនាយករដ្ឋមន្ត្រីនិយាយថា រួមដំណើរជាមួយលោក Sunak រដ្ឋមន្ត្រីការបរទេសអង់គ្លេស James Cleverly ដែលបានធ្វើទស្សនកិច្ចនៅអ៊ីស្រាអែលកាលពីសប្តាហ៍មុន នឹងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ទួរគី កាតានៅក្នុងរយៈពេល៣សប្តាហ៍ខាងមុខ ដើម្បីពិភាក្សាពីជម្លោះនេះ និងស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី។