
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែតុលា) នេះថា ប្រទេសចិននឹងដោះស្រាយករណីពាក់ព័ន្ធនានាទៅតាមច្បាប់ ហើយការពារសិទ្ធិ និងផលប្រយោជន៍បុគ្គល នៅពេលដែលត្រូវបានសួរអំពីរបាយការណ៍ ដែលថា ទីក្រុងប៉េកាំងបានចាប់ខ្លួនជាផ្លូវការនូវបុគ្គលិកជនជាតិជប៉ុននៃក្រុមហ៊ុនឱសថ Astellas។
ប្រធានខុទ្ទកាល័យរបស់ប្រទេសជប៉ុន បានបញ្ជាក់ពីការចាប់ខ្លួននេះ ហើយបានជំរុញយ៉ាងខ្លាំងក្លាដល់ប្រទេសចិនរៀបចំឲ្យមានដោះលែងជនជាតិជប៉ុន ដែលត្រូវបានឃុំខ្លួនឲ្យបានឆាប់។
បណ្ដាញសារព័ត៌មានជប៉ុនបានរាយការណ៍ថា បុគ្គលដែលត្រូវបានឃុំខ្លួននោះ បានធ្វើការនៅប្រទេសចិន អស់រយៈពេល ២០ឆ្នាំមកហើយ ដោយពីមុនបម្រើការជាមន្ត្រីជាន់ខ្ពស់នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅចិន។ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ខ្លួនកំពុងតែទាមទារឲ្យចិនដោះលែងជនជាតិរបស់ខ្លួនជាបន្ទាន់។
ការចាប់ខ្លួននេះ អាចធ្វើឲ្យមានការថ្នាំងថ្នាក់ផ្នែកការទូត និងសេដ្ឋកិច្ច ជុំវិញទំនាក់ទំនងរបស់ទីក្រុងតូក្យូជាមួយទីក្រុងប៉េកាំង ដែលទាំងជាគូប្រជែង និងដៃគូពាណិជ្ជកម្មដ៏ជិតស្និទ្ធបំផុតរបស់ខ្លួន៕