
លោក Raafat al-Nakhal គឺជាជនប៉ាឡេស្ទីនមួយរូប បានផ្លាស់ទីចេញពីទីក្រុងហ្គាហ្សា ទៅកាន់តំបន់ភាគខាងត្បូង នៅទីក្រុង Khan Younis ដើម្បីស្វែងទីសុវត្ថិភាព ប៉ុន្តែផ្ទុយទៅវិញលោកនិយាយថា លោកបានប្រឈមនឹងការវាយប្រហារតាមច្រកអាកាសឥតឈប់ឈររបស់អ៊ីស្រាអែល ចាប់តាំងពីពេលនោះមក ។
ខណៈដែលបោសធូលីចេញពីរថយន្តរងការខូចខាតដោយអន្លើររបស់លោក លោក Raafat និយាយថា គ្មានកន្លែងសុវត្ថិភាពនោះទេនៅក្នុងតំបន់ហ្គាហ្សា ។ អ្នកត្រូវតែត្រៀមខ្លួនសម្រាប់ការស្លាប់ឲ្យហើយ ។ អរគុណព្រះដែលធ្វើឲ្យលោកអាចរស់មកដល់ពេលនេះ ។
លោកបញ្ជាក់ថា ពួកយើងមកពីទីក្រុងហ្គាហ្សា ពួកគេនិយាយប្រាប់ពួកយើងឲ្យធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូង ដូច្នេះហើយពួកយើងក៏បានធ្វើដំណើរមកដល់តំបន់ភាគខាងត្បូង។ ពួកយើងបានមើលឃើញការវាយប្រហារយ៉ាងខ្លាំងក្លានៅតំបន់ភាគខាងត្បូង ។ ពួកយើងស្នាក់នៅក្នុងផ្ទះ នៅមុខពួកយើងមានការវាយប្រហារ ហើយនៅពីក្រោយខ្នងពួកយើងក៏មានការវាយប្រហារ ។ គ្មានសុវត្ថិភាពនោះទេ គ្មានកន្លែងណាមួយសុវត្ថិភាពនោះទេនៅក្នុងតំបន់ហ្គាហ្សា ។ អ្នកត្រូវតែត្រៀមខ្លួនសម្រាប់ការស្លាប់ ហើយត្រូវបន្តស្នាក់នៅក្នុងផ្ទះរបស់អ្នក ។
ការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ ត្រូវបានមើលឃើញនៅទីក្រុង Khan Younis ស្របពេលមានការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
ក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយថា ជនប៉ាឡេស្ទីន ៣.៤៧៨នាក់ ត្រូវបានសម្លាប់ ហើយមនុស្ស ១២.០៦៥នាក់ បានរងរបួស នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល លើតំបន់បិទច្រកហ្គាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលារហូតមក ក្នុងនោះមនុស្សរាប់ម៉ឺននាក់ បានជម្លៀសខ្លួន ៕