មន្ទីរបញ្ចកោណបាននិយាយថា នាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅសមុទ្រក្រហម កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា បានបាញ់ទម្លាក់មីស៊ីលនិងយានដ្រូន ដែលបានបាញ់ដោយក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន ដែលទំនងជាដាក់គោលដៅលើអ៊ីស្រាអែល។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ Pat Ryder បានប្រាប់អ្នកសារព័ត៌មានថា មីស៊ីលស៊ីបគោលដៅវាយប្រហារលើដីគោកចំនួនបីគ្រាប់ និងយានដ្រូនជាច្រើនគ្រឿង ត្រូវបានស្ទាក់ចាប់ដោយនាវាពិឃាត។ លោកបាននិយាយថា ការវាយប្រហារនេះត្រូវបានបាញ់ដោយកងកម្លាំងក្រុម Huthi នៅក្នុងប្រទេសយេម៉ែន ដែលមានសក្តានុពលដាក់គោលដៅទៅក្នុងប្រទេសអ៊ីស្រាអែល។

នាវា USS Carney កំពុងល្បាតនៅសមុទ្រក្រហម ជាផ្នែកមួយនៃវត្តមានយោធាសហរដ្ឋអាមេរិក ដែលបានដាក់ពង្រាយកម្លាំងយ៉ាងច្រើន បញ្ជាដោយប្រធានាធិបតីលោក Joe Biden ដើម្បីរក្សាស្ថិរភាព ក្នុងពេលមានសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា។ លោក Ryder បាននិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ជាកន្លែងដែលក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ កំពុងធ្វើសង្គ្រាមជាមួយរដ្ឋាភិបាលដែលគាំទ្រដោយក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត។
លោក និយាយថា យើងមានសមត្ថភាពការពារផលប្រយោជន៍ទូលំទូលាយរបស់យើងនៅក្នុងតំបន់ និងទប់ស្កាត់ការកើនឡើងជម្លោះនៅក្នុងតំបន់ និងការរីកធំកាន់តែទូលំទូលាយនៃជម្លោះដែលបានចាប់ផ្តើមដោយការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើជនស៊ីវិលអ៊ីស្រាអែល។ លោក Biden បានបញ្ជាឱ្យបង្កើនការដាក់ពង្រាយយុទ្ធោបករណ៍ដែនអាកាស និងកងទ័ពជើងទឹក រួមមានទាំងការបញ្ជូននាវាផ្ទុកយន្តហោះពីរគ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីការពារប្រឆាំងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលហៀរចេញទៅតំបន់ដែលងាយផ្ទុះសង្គ្រាម។ កាលពីថ្ងៃអង្គារ មន្ទីរបញ្ចកោណ បានបញ្ជាឲ្យបុគ្គលិកចំនួន ២.០០០ នាក់ប្រចាំការសម្រាប់ការដាក់ពង្រាយដ៏មានសក្តានុពល៕
