ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ទៅតំបន់អភិវឌ្ឍន៍កោះនរា ត្រូវបានដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នជាលើកទី២ ចាប់ពីវេលាម៉ោង៦ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះតទៅហើយ ដោយក្រុមបច្ចេកទេសបានអនុញ្ញាតឱ្យប្រើប្រាស់តែមួយចំហៀងប៉ុណ្ណោះ សម្រាប់ការធ្វើដំណើរទ្វេទិស ពោលគឺទាំងទៅ និងមក។
មន្ត្រីបច្ចេកទេសបានឱ្យដឹងថា ការសម្រេចបើកឱ្យប្រើប្រាស់ជាលើកទី២នេះ គឺបើកចរាចរណ៍រហូតតទៅហើយ ហើយអំឡុងថ្ងៃទី២៣ ឬ២៤ ខែតុលាខាងមុខនេះ ស្ពាននឹងត្រូវបើកចរាចរណ៍ទាំងស្រុង មានន័យថា គឺបើកទាំង២គន្លងតែម្ដង។
ការបើកចរាចរណ៍លើកទី២នេះ គ្រាន់តែមួយព្រឹកប៉ុណ្ណោះមានរថយន្ត និងម៉ូតូរាប់ពាន់គ្រឿងបានឆ្លងកាត់។ នេះបើតាមសន្តិសុខគោលដៅស្ពានបានបញ្ជាក់ខណៈដែលលោកកំពុងកត់ត្រាចំនួនយានយន្តឆ្លងកាត់។
សូមជម្រាបជូនថា ស្ពានកោះពេជ្រ កោះនរា បានដើរតួយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងស្ថានភាពមមាញឹក នៃលំហូរចរាចរណ៍បច្ចុប្បន្ន និងជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះលើផ្លូវជាតិលេខ១ ខណះក៏ដូចជាតំបន់ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស និងលើមហាវិថីព្រះនរោត្តមខាងមុខក្រសួងមហាផ្ទៃផងដែរ។ ស្ពាននេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា និងចំណាយថវិកាសម្រាប់ការសាងសង់ប្រមាណ ៣៨លានដុល្លារ៕ អត្ថបទ ៖ វ៉ាន់ដា