កងទ័ពប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសុក្របានបង្ហាញទីតាំងលាក់អាវុធ និងគ្រឿងផ្គត់ផ្គង់ដ៏ច្រើន ដែលរឹបអូសបានពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ ក្នុងពេលការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា។ សព្វាវុធ ដែលរឹបអូសបាន រួមមានគ្រាប់បែកដៃ គ្រាប់មីន និងអាវុធប្រភេទបេ RPG។
យោងតាមឧត្តមសេនីយ៍ឯករបស់កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា យុទ្ធភ័ណ្ឌផ្ទុះ និងអាវុធ ដែលកំពុងដាក់តាំងបង្ហាញ មានត្រឹមតែ ១០ ភាគរយនៃចំនួនសរុបដែលរឹបអូសបាន ខណៈអ្នកប្រយុទ្ធក្រុមហាម៉ាស់ អាចរៀបចំប្រើប្រាស់ ៣០ភាគរយ នៃអាវុធរបស់ពួកគេក្នុងអំឡុងពេលការវាយប្រហារទៅលើអ៊ីស្រាអែល។

កងទ័ពអ៊ីស្រាអែល បាននិយាយថា ពួកគេបានរកឃើញឧបករណ៍វេជ្ជសាស្ត្រ និងស្បៀងអាហារយ៉ាងច្រើន នៅក្នុងយានយន្តរបស់ក្រុមហាម៉ាស ដែលបង្ហាញថាក្រុមនេះបានរៀបចំសម្រាប់សង្គ្រាមរយៈពេលវែង។
ប្រទេសអ៊ីស្រាអែល កំពុងត្រៀមខ្លួនសម្រាប់សង្រ្គាមលើដីគោកនៅក្នុងតំបន់ហ៊ុមព័ទ្ធតូចមួយ និងមានមនុស្សច្រើនរបស់ប៉ាឡេស្ទីន ដែលមានគោលដៅកម្ទេចក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម ដែលបានវាយសម្រុកចូលទីក្រុងជាច្រើនរបស់អ៊ីស្រាអែលកាលពីថ្ងៃទី ៧ តុលា ដោយបានបណ្តាលឲ្យមនុស្ស ១.៤០០ នាក់ស្លាប់ និងចាប់មនុស្សច្រើននាក់ទៀតជាចំណាប់ថ្នូរ៕
