អង់គ្លេស៖ អ្នកទេសចរ ឧស្សាហកម្មទេសចរណ៍ និងអាជ្ញាធរប្រទេសព័រទុយហ្កាល់បានថ្កោលទោស ចំពោះវិធានការរបស់ចក្រភពអង់គ្លេសក្នុងការដកប្រទេសព័រទុយហ្កាល់ ចេញពីបញ្ជីគោលដៅនៃការធ្វើដំណើរសុវត្ថិភាព ដោយមេរោគឆ្លងកូរ៉ូណាកើនឡើង និងការប្រែប្រួលនៃមេរោគកូរ៉ូណាបម្លែងថ្មី។

ការសម្រេចវិធានការលើប្រទេសព័រទុយហ្កាល់ ពីបៃតងទៅលឿងទុំនៅក្នុងបញ្ជីទិសដៅទេសចរណ៍ របស់ចក្រភពអង់គ្លេសមានន័យថា ប្រជាជនអង់គ្លេសរាប់ពាន់នាក់ដែលកំពុងសម្រាកវិស្សមកាលនៅទីនោះ នឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័កនៅពេលត្រឡប់មកវិញ។ វិធានការនេះនឹងចូលជាធរមានចាប់ពីថ្ងៃអង្គារសប្ដាហ៍ក្រោយ។ លោក Robert Jenrick រដ្ឋមន្ត្រីរដ្ឋ ទទួលបន្ទុកផ្នែកលំនៅឋាន សហគមន៍ និងរដ្ឋាភិបាលក្នុងតំបន់បានអះអាងថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលគឺទាក់ទងទៅនឹងការកើនឡើង នូវករណីឆ្លងនៅប្រទេសព័រទុយហ្កាល់។ លោក Henrique Barros ប្រធានក្រុមប្រឹក្សាសុខភាពជាតិ និងជាសាស្ត្រាចារ្យផ្នែករោគរាតត្បាត នៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Porto បាននិយាយថា អត្រាឆ្លងនៅប្រទេសព័រទុយហ្កាល់គឺទាបជាងចក្រភពអង់គ្លេស។ លោក Tim Hawkins ប្រធានបុគ្គលិកនៃក្រុមហ៊ុនអាកាសយានដ្ឋាន Manchester Airport Group និយាយថា លោកជឿជាក់ថា ការសម្រេចនេះគឺជាហេតុផលនយោបាយ។
អ្នកធ្វើវិស្សមកាលជនជាតិអង់គ្លេស Tim Taylor បាននិយាយថា ភ្ញៀវទេសចរនៅក្នុងប្រទេសព័រទុយហ្កាល់បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពេលនេះលោកត្រូវប្រញាប់ប្រញាល់វិលត្រឡប់ទៅអង់គ្លេសវិញ មុនពេលវិធានការធ្វើចត្តាឡីស័កចាប់ផ្ដើមនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ដោយតម្លៃជើងហោះហើរកើនឡើងរៀងរាល់ ៥នាទី ឬ ១០នាទីម្ដង។ កាលពីខែមុនប្រទេសព័រទុយហ្កាល់គឺជាគោលដៅទេសចរណ៍សំខាន់ សម្រាប់អង់គ្លេសដែលស្វែងរកព្រះអាទិត្យ ហើយជាគោលដៅទេសចរណ៍ធំតែមួយគត់នៅក្នុងបញ្ជីបៃតង របស់រដ្ឋាភិបាលចក្រភពអង់គ្លេសដែលត្រូវបានប្រកាសកាលពីខែមុន ក្នុងចំណោមគោលដៅដែលអាចទៅលេងបាន ដោយមិនចាំបាច់ដាក់ខ្លួនឲ្យនៅដាច់ដោយឡែកនៅពេលត្រឡប់មកវិញ។ វិស័យទេសចរណ៍គឺជាកម្លាំងស្នូលនៃសេដ្ឋកិច្ចរបស់ព័រទុយហ្កាល់ ដែលមានប្រមាណ ១៥% នៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ៕
អត្ថបទ៖ ប៊ុនថន