កាលពីអំឡុងខែសីហា ឆ្នាំ២០២៣នេះ ជប៉ុនបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មដែលជាសំណល់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ជារោងចក្ររងការវាយប្រហារដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។ ការបង្ហូរចេញ គឺធ្វើឡើងបន្ដិចម្ដងៗដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ៣០ឆ្នាំទើបអស់ មិនអាចបង្ហូរទាំងគំហុកបានទេ ខណៈទឹកកាកសំណល់នុយក្លេអ៊ែរនេះមានសរុបប្រមាណជាង ១លានតោនឯណោះ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលជប៉ុនកន្លងមក។
កិច្ចប្រឹងប្រែងឥតឈប់ឈររបស់ជប៉ុនក្នុងការព្យាយាមបង្ហូរសារធាតុវិទ្យុសកម្មចូលក្នុងមហាសមុទ្រ ក៏ព្រោះថាស៊ីទែនស្តុកទឹកសំណល់នឹងពេញនៅដើមឆ្នាំ២០២៤ ខាងមុខនេះហើយ។
ចៀសវាងមានក្ដីកង្វល់កើតឡើងចំពោះការបង្ហូរទឹកវិទ្យុសកម្មនេះ ជប៉ុនបានអះអាងថា មុនបញ្ចេញទឹកនេះបន្តិចម្តងៗទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទឹកកាកសំណល់នុយក្លេអ៊ែរត្រូវបានច្រោះសម្អាតធាតុវិទ្យុសកម្មចេញភាគច្រើន ដើម្បីចៀសវាងផលប៉ះពាល់ដល់មនុស្ស សត្វ ក៏ដូចជាបរិស្ថាន។ ទឹកត្រូវបានឆ្លងកាត់ការចម្រោះយ៉ាងស្មុគស្មាញយកធាតុវិទ្យុសកម្មចេញ បន្ទាប់មកពង្រាវ ដើម្បីកាត់បន្ថយកម្រិត ទ្រីទីយ៉ូម(Tritium) ដែលជាអ៊ីសូតូបវិទ្យុសកម្ម នៃអ៊ីដ្រូសែនពិបាកបំបែកចេញពីទឹក។ ក្រសួងបរិស្ថានជប៉ុនបាននិយាយថា សំណាកពី ១១ទីតាំង នៅជិតរោងចក្របង្ហាញពីកម្រិតទ្រីទីយ៉ូម(Tritium)មានទាបណាស់ ដែលមិនបង្កផលប៉ះពាល់អាក្រក់ដល់សុខភាពមនុស្ស និងបរិស្ថានទេ។
ម្យ៉ាងវិញទៀតជប៉ុនបញ្ជាក់ថា ផែនការនេះក៏មានការអនុម័តយល់ព្រមពីអ្នកជំនាញឃ្លាំមើលនុយក្លេអ៊ែរ នៅស្ថាប័នអង្គការសហប្រជាជាតិផងដែរ ដែលបានចូលរួមសិក្សាវាយតម្លៃផលប៉ះពាល់។ ចំណែកទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ(IAEA) បានយល់ព្រមបើកភ្លើងខៀវលើគម្រោងស្នើឡើងដោយរដ្ឋាភិបាលជប៉ុនដូចគ្នា។ ដូច្នេះទីក្រុងតូក្យូសង្ឃឹមថា ការធ្វើតេស្តវិទ្យុសកម្មជាទៀងទាត់នៅក្នុងដែនទឹកក្បែររោងចក្រនេះ អាចបន្ធូរបន្ថយកង្វល់ពីប្រទេសជិតខាង និងក្រុមអ្នកនេសាទបាន។
ប៉ុន្ដែទោះបីជាមានការពន្យល់ ឬលើកទឡ្ហីករណ៍មកអះអាងថា គ្មានផលប៉ះពាល់យ៉ាងណាក៏ដោយ ក៏ប្រទេសជំទាស់នឹងសកម្មភាពនេះនៅមិនអាចទទួលយកហេតុផលរបស់ជប៉ុនបានឡើយ។ កុំថាតែប្រទេសដទៃ សូម្បីតែប្រជាជនជប៉ុនខ្លួនឯងក៏មានអ្នកជំទាស់ ពិសេសគឺក្រុមអ្នកនេសាទជប៉ុន ព្រោះពួកគេបារម្ភខ្លាចខូចកេរ្តិ៍ឈ្មោះគ្រឿងសមុទ្ររបស់ពួកគេ។ ក្រុមអ្នកនេសាទនៅប្រទេសចិន និងកូរ៉េខាងត្បូងឯណោះវិញ ក៏បានលើកឡើងអំពីការព្រួយបារម្ភរបស់ពួកគេ ដែលនាំឱ្យរឿងនេះក្លាយទៅជារឿងនយោបាយ និងការទូតដ៏ចម្រូងចម្រាស។ ប្រទេសដែលប្រឆាំងដាច់ខាតនឹងការបង្ហូរសារធាតុវិទ្យុសកម្មរបស់ជប៉ុន គឺប្រទេសក្បែរខាងជប៉ុនផ្ទាល់តែម្ដងដូចជាចិន រុស្ស៊ី និងកូរ៉េខាងត្បូង។ រដ្ឋទាំងបីពិតជាដាក់ការព្រួយបារម្ភខ្លាំងក្លាបំផុត ក្រោយមានមន្ទិលមួយចំនួននៅក្នុងសង្វាក់ នៃការងារបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ចំណុចដែលធ្វើឱ្យរដ្ឋទាំងនេះសង្ស័យ គឺនាពេលកន្លងមកជប៉ុនធ្លាប់បានអះអាងថា ប្រសិនបើធាតុអាកាសមិនអំណោយផល ពេលវេលានៃការបញ្ចេញទឹកខ្វក់នឹងត្រូវពន្យារពេល។ ការណ៍នេះបានធ្វើឱ្យមានសំណួរចោទឡើងថា ហេតុអ្វីការបញ្ចេញទឹកខ្វក់ត្រូវពឹងផ្អែកលើធាតុអាកាស? ឬមួយក៏ព្រោះតែបើទិសខ្យល់ខុសប្រក្រតីអំឡុងពេលបង្ហូរចេញ ទឹកដែលហូរចេញនឹងត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញបង្កឱ្យមានគ្រោះថ្នាក់? បើជប៉ុនខ្លួនឯងក៏ខ្លាចអំណាច នៃការបំពុលរបស់សារធាតុនុយក្លេអ៊ែរដែរ ហេតុដូចម្ដេចបានជាជប៉ុននៅតែទទូចឱ្យបញ្ចេញវាចោលទៀត?
មានការសន្មត់ថា ក្នុងករណីសារធាតុដែលបញ្ចេញចោលមានជាតិពុល នោះវានឹងរីករាលដាលពាសពេញពិភពលោកក្នុងរយៈពេល ១០ឆ្នាំ, គ្របដណ្ដប់នៅតំបន់ប៉ាស៊ីហ្វិកខាងជើងក្នុងរយៈពេល ១,២០០ថ្ងៃ, រាលដាលដល់តំបន់ឆ្នេរនៃប្រទេសកូរ៉េខាងត្បូងក្រោយរយៈពេល ២៤០ថ្ងៃ ខណៈវាអាចរាលដាលដល់តំបន់ភាគច្រើន នៃមហាសមុទ្រប៉ាស៊ីហ្វិកក្នុងរយៈពេលតែ ៥៧ថ្ងៃប៉ុណ្ណោះ។ ចុះបើទង្វើនេះគឺជាគ្រោះមហន្ដរាយសម្រាប់មនុស្សជាតិទាំងមូល ហេតុអ្វីបានជាមានតែប្រទេសចិន រុស្ស៊ី និងកូរ៉េខាងត្បូង ចេញមុខប្រឆាំង ខណៈបណ្ដាប្រទេសលោកខាងលិចដែលយកចិត្ដទុកដាក់បំផុតចំពោះបញ្ហាសន្ដិសុខ និងការការពារបរិស្ថានបែរជានៅស្ងៀមទៅវិញ?
មែនទែនទៅ នៅពីក្រោយការបង្ហូរសារធាតុវិទ្យុសកម្មដែលជាកាកសំណល់នុយក្លេអ៊ែររបស់ជប៉ុន អាចជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍឧស្សាហកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។ ចំពោះតួអង្គស្នូល នៃបញ្ហានេះមិនមែនជារដ្ឋាភិបាលជប៉ុនទេ ប៉ុន្ដែជាក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ(Tokyo Electric Power Company) ហៅកាត់ថា TEPCO។ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ គឺជាសហគ្រាសឯកជនសុទ្ធសាធ មិនមែនជាសហគ្រាសរបស់រដ្ឋឡើយ។ ចាប់តាំងពីការរញ្ជួយដីដ៏ខ្លាំងបង្កជារលកយក្សស៊ូណាមិវាយប្រហារលើកោះHonshu របស់ជប៉ុន ក្នុងឆ្នាំ២០១១ ដែលធ្វើឱ្យមានការលេចធ្លាយសារធាតុនុយក្លេអ៊ែរ នៅរោងចក្រថាមពលនុយក្លេអ៊ែរFukushima ក្រុមហ៊ុន TEPCO ជាម្ចាស់រោងចក្រ Fukushima គឺជាភាគីទទួលខុសត្រូវទាំងស្រុងចំពោះរោងចក្រនេះ រួមទាំងឧប្បត្ដិហេតុដែលបានកើតឡើង។ វាមិនត្រឹមតែមានការធ្លាក់ចុះតម្លៃភាគហ៊ុនប៉ុណ្ណោះទេ ប៉ុន្ដែក្រុមហ៊ុននេះបានទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរទៅលើសំណង និងថ្លៃដើមផលិតកម្ម។
បន្ទាប់ពីលេចធ្លាយសារធាតុនុយក្លេអ៊ែរនៅរោងចក្រFukushima មនុស្សជិត ១០ម៉ឺននាក់ត្រូវបានជម្លៀសចេញ ហើយផលិតផលកសិកម្មនាំមកពីខេត្ដFukushima និងតំបន់ក្បែរនោះក៏ត្រូវដកចេញពីទីតាំងលក់ដូរក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ មានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនTEPCO ត្រូវចំណាយវាល់លានយេន សម្រាប់សំណងដោយសារតែការលេចធ្លាយសារធាតុនុយក្លេអ៊ែរ និងសំណងដែលពាក់ព័ន្ធ។ តែថ្វីបើបែបនេះ តាមពាក្យចចាមអារ៉ាមកន្លងមលើកឡើងថា ក្រុមហ៊ុនTEPCO ជាអ្នកផ្គត់ផ្គង់ថាមពលទៅកាន់ទីក្រុងតូក្យូ និងខេត្ដជុំវិញចំនួន ៧ទៀត មិនថាជួបបញ្ហាប្រឈមអាក្រក់យ៉ាងណាក៏ដោយក្រុមហ៊ុននេះនឹងមិនដួលរលំដាច់ខាត។ តើមានអ្វីនៅពីក្រោយក្រុមហ៊ុនមួយនេះ?
ក្រោយពីរងសម្ពាធសេដ្ឋកិច្ចយ៉ាងខ្លាំង ក្រុមហ៊ុនTEPCO បានប្រកាសធ្វើឯកជនភាវូបនីយកម្មរបស់ខ្លួននៅក្នុងឆ្នាំ២០១៦ ហើយម្ចាស់ភាគហ៊ុនធំជាងគេរបស់TEPCOគឺBlackRock។ BlackRock ជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគយក្សរបស់មេរិក។ BlackRock មិនត្រឹមតែមានភាគហ៊ុននៅក្នុងក្រុមហ៊ុននៅជប៉ុនទេ គឺមានអតិថិជននៅក្នុងបណ្ដាប្រទេសសរុបប្រមាណ ១០០ឯណោះ។ ប្រសិនបើមិនស្គាល់BlackRock អ្នកក៏ទំនងជាធ្លាប់លឺផ្សារភាគហ៊ុនNew York Stock Exchange ដែលក្រុមហ៊ុនBlackRockបានដាក់លក់ភាគហ៊ុនរបស់ខ្លួនតាម New York Stock Exchange តាំងពីឆ្នាំ១៩៩៩។ ចំពោះម្ចាស់ភាគហ៊ុនធំទី២របស់TEPCO គឺក្រុមហ៊ុនVanguard ខណៈម្ចាស់ភាគហ៊ុនទី៣គឺក្រុមហ៊ុនសន្ដិសុខធំបំផុតរបស់ជប៉ុនNomura Holdings។ Vanguard និងNomura Holdings ក៏សុទ្ធតែជាដៃគូរបស់BlackRock ។
ក្រុមហ៊ុនBlackRock ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ មកដល់បច្ចុប្បន្នគ្រប់គ្រងទ្រព្យសកម្មដល់ទៅ ១០ពាន់ពាន់លានដុល្លារអាមេរិក ធ្វើឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មធំបំផុតនៅលើពិភពលោក។ BlackRock ក៏ត្រូវបានចាត់ទុកជាភ្ញៀវពិសេសរបស់រតនាគារអាមេរិក, ធនាគារកណ្ដាលអាមេរិក និងមូលនិធិសោធននិវត្ដន៍របស់រដ្ឋាភិបាលជប៉ុនផងដែរ។ ធនាគារយក្សរបស់ជប៉ុនSumitomo Mitsui និង Mizuho ដែលធ្លាប់បានផ្ដល់ប្រាក់កម្ចីបន្ទាន់ដល់ក្រុមហ៊ុនTEPCO ក៏បានលេចឈ្មោះជាថ្មីម្ដងទៀតនៅក្នុងបញ្ជីភាគហ៊ុនធំរបស់ក្រុមហ៊ុនBlackRock និងVanguard។
ជារួមក្រុមហ៊ុនដែលបានលើកឡើងខាងលើនេះ សុទ្ធតែមានភាគហ៊ុនរកស៊ីជាមួយគ្នា ហើយក៏មិនអាចប្រកែកបានក្រុមហ៊ុនTEPCOពិតជាមានទំនាក់ទំនងជាមួយក្រុមហ៊ុនBlackRock។ ដូច្នេះវាត្រូវបានគេមើលឃើញថា កម្លាំងជំរុញនៅពីក្រោយបញ្ចេញកាកសំណល់នុយក្លេអ៊ែររបស់ក្រុមហ៊ុនជប៉ុនTEPCO មិនមែនជារដ្ឋាភិបាលជប៉ុនទេ ប៉ុន្ដែគឺជាចង្កោមក្រុមហ៊ុនវិនិយោគកំពូលៗនៅអាមេរិក ហើយលោកខាងលិចពិសេសអាមេរិកមិនរារាំងថែមទាំងគាំទ្រការបង្ហូរសារធាតុនុយក្លេអ៊ែររបស់ជប៉ុន ក៏អាចដោយសារតែមានផលចំណេញផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចធំធេង ហេតុនេះបើធ្វើឱ្យម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនTEPCO មិនសប្បាយចិត្ដ អាមេរិកអាចនឹងបាត់ប្រយោជន៍ក៏ថាបាន។
គួរជម្រាបថា បន្ទាប់ពីមានបញ្ហានៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចំនួនអ្នកជំងឺមហារីកនៅក្នុងប្រទេសជប៉ុន បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយអត្រា នៃជំងឺក្រពេញទីរ៉ូអ៊ីតនៅក្នុងស្រុកបានកើនឡើង១១៨ដង។ ទោះជប៉ុនអះអាងថា ជាតិវិទ្យុសកម្មនៅក្នុងទឹកដែលបង្ហូរចេញនោះមានកម្រិតវិទ្យុសកម្មទាប ឬស្ទើរទែគ្មានក៏ដោយ អ្នកវិទ្យាសាស្ត្រខ្លះនិយាយថា ផលប៉ះពាល់រយៈពេលយូរ នៃជាតិវិទ្យុសកម្មដែលមានកម្រិតទាបនៅក្នុងទឹកត្រូវតែមានការដោះស្រាយ ហើយវាក៏ជាក្ដីកង្វល់ដែលពិភពលោកទាំងមូលត្រូវពិចារណា មិនដូច្នេះទេវានឹងបង្កផលប៉ះពាល់ទាំងទៅដល់ជីវិតមនុស្ស សត្វ ក៏ដូចជាបរិស្ថាន៕