លោក Mark Steven Hughes នាយកទទួលបន្ទុកការងារប្រតិបត្តិការទីភ្នាក់ងារជាតិប្រឆាំងឧក្រិដ្ឋកម្ម នៃចក្រភពអង់គ្លេស ដែលហៅកាត់ថា NCA បានថ្លែងអំណរគុណចំពោះនគរបាលជាតិកម្ពុជា ដែលបានអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋខ្លួនដែលរស់នៅកម្ពុជា និងបានអគុណចំពោះកម្ពុជាដែលបានខិតខំស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនល្មើសគ្រឿងញៀនចាប់បញ្ជូនឲ្យអង់គ្លេស ដើម្បីអនុវត្តច្បាប់។
នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីកាលពីកន្លងទៅ នៅប្រទេសឡាវ ខណៈដែលភាគីទាំងពីរអញ្ជើញទៅចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤១ ដែលប្រ ទេសឡាវធ្វើជាម្ចាស់ផ្ទះនោះ លោក Mark Steven Hughes បានវាយតម្លៃខ្ពស់ចំពោះការផ្តល់កិច្ចសហការជាមួយតំណាង NCA នៅក្នុងតំបន់ និងបានថ្លែងអំណរគុណជូនអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដែលបានជួយអន្តរាគមន៍សង្គ្រោះពលរដ្ឋអង់គ្លេស ស្រាវជ្រាវបង្ក្រាបជនល្មើសគ្រឿងញៀន និងបានចាប់ប្រគល់ជូនអាជ្ញាធរអង់គ្លេស ដើម្បីអនុវត្តច្បាប់។ ជាងនេះទៅទៀត លោក Mark Steven Hughes បានកោតសរសើរចំពោះនាយកដ្ឋានជំនាញពាក់ព័ន្ធនៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដែលបានធ្វើការផ្លាស់ប្តូរព័ត៌មានឈានទៅទប់ស្កាត់ និងបង្ក្រាបជនល្មើសផ្លូវភេទកុមារទាំងការទប់ស្កាត់មិនឲ្យចូលប្រទេស ក៏ដូចជាការសហការស្រាវជ្រាវប្រមូលភស្តុតាងជូនទៅអាជ្ញាធរអង់គ្លេស ដើម្បីបន្តនីតិវិធីច្បាប់ចំពោះមុខសញ្ញាប្រព្រឹត្តផ្លូវភេទកុមារបានយ៉ាងមានប្រសិទ្ធភាពផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានឯកភាពចំពោះការលើកឡើងរបស់ភាគី NCA និងបានបញ្ជាក់ជូនអំពីការបន្តផ្តល់កិច្ចសហការទាំងនេះ ឲ្យកាន់តែជិតស្និទ្ធ ទូលំទូលាយ និងមានភាពស៊ីជម្រៅបន្ថែមទៀត។ ជាមួយគ្នានេះនាយឧត្តមសេនីយ៍ អគ្គស្នងការនគរជាតិក៏បានស្នើឲ្យភាគីNCA ពិនិត្យលទ្ធភាព ធ្វើការបណ្តុះបណ្តាល ឬជួយគាំទ្រជាឧបករណ៍ សម្ភារបច្ចេកទេស បំពាក់បន្ថែមជូនក្រុមការងារទទួលបណ្តឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែលអគ្គស្នងការដ្ឋាននគរបាលជាតិទើបនឹងបង្កើតឡើង។
ក្រោយមានការស្នើសុំ អគ្គស្នងការនគរបាលជាតិកម្ពុជា លោក Mark Steven Hughes បានគាំទ្រចំពោះការស្នើសុំរបស់ភាគីកម្ពុជា ដោយបានត្រៀមរៀបចំកម្មវិធីបញ្ជូនមន្រ្តីជំនាញមកសហការផ្ទាល់ជាមួយកម្ពុជានាពេលខាងមុខឆាប់ៗនេះផងដែរ៕ អត្ថបទ៖ បាន ចក់