ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភានៃកម្ពុជា បានស្នើដល់អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ខេត្តលាវនីង ជំរុញការតភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីទទួលឱកាសវិនិយោគបន្ថែម នៅក្នុងប្រទេសកម្ពុជា។
ការស្នើរបស់ឯកឧត្តម វង សូត បែបនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង មីងយូ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ខេត្តលាវនីង។

នាឱកាសនោះ ឯកឧត្តម វង សូត មានប្រសាសន៍ថា វត្តមានរបស់ ឯកឧត្តមអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងគណៈប្រតិភូ បានឆ្លុះបញ្ចាំងពីការខិតខំជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរក្នុងគ្រប់កម្រិត ជាពិសេស ការតភ្ជាប់សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តមមានប្រសាសន៍បន្តថា ឆ្នាំ២០២៣នេះ ជាឆ្នាំនៃមិត្តភាពកម្ពុជា-ចិន ដែលប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងជាខួប១០ឆ្នាំ ដែលកម្ពុជា-ចិន ប្រកាន់ខ្ជាប់នូវអាទិភាពនៃការអភិវឌ្ឍដើម្បីបង្កើតគំរូថ្មីនៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ។

ឯកឧត្តមបន្ថែមថា ក្នុងរយៈពេលជាង ៦ទសវត្សន៍មកនេះ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ មានការវិវឌ្ឍយ៉ាងស្វាហាប់ និងត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈការបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗនេះ ហើយថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រួមទាំងបានដាក់ចេញផែនការសកម្មភាពរួមគ្នា ដើម្បីកសាងសហគមន៍វាសនារួមគ្នាប្រកបដោយគុណភាព និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានស្នើដល់ភាគីចិនក្នុងការជំរុញបន្ថែមទៀត ដើម្បីតភ្ជាប់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ រវាងខេត្តលាវនីង និងកម្ពុជា តាមរយៈការលើកទឹកចិត្តដល់អ្នកធុរកិច្ចចិន ក៏ដូចជាប្រជាជនខេត្តលាវនីងមកធ្វើទេសចរកម្សាន្ត និងស្វែងរកឱកាសវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ក្នុងន័យនេះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានប្រកាសគាំទ្រចំពោះគម្រោងវិនិយោគបង្កើតទីក្រុងសម្ព័ន្ធភាព រវាងខេត្តព្រះសីហនុរបស់កម្ពុជា និងខេត្តលាវនីង ដែលជាខេត្តដ៏មានសក្តានុពល លើគ្រប់វិស័យរបស់ចិន ព្រមទាំងការបង្កើតសួនឧស្សាហកម្ម នៅខេត្តព្រះសីហនុ ដែលអាចនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងប្រជាជននៃខេត្តទាំងពីរ ស្របតាមគោលនយោបាយបន្ស៊ីគ្នា រវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ជាមួយនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

ចំណែកទំនាក់ទំនងរវាង រដ្ឋសភាកម្ពុជា និងសភាប្រជាជនចិន ឯកឧត្តម វង សូត ថ្លែងថា សភាប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និតផងដែរ តាមរយៈការចុះអនុស្សារណៈជាមួយគ្នា ការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការជំនាញ និងមន្រ្តីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ផងដែរ៕ អត្ថបទ សេក ឧត្តម
