ភ្នំពេញ៖ មហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីការពារស្នាដៃនិសិ្សត បញ្ចប់បរិញ្ញាបត្រ សូនរូប ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដល់បេក្ខជនទាំង០៤ ជំនាញឯកទេស សរុបចំនួន១៤៧នាក់ នារី៩៦នាក់។
ពិធីការពារស្នាដៃនិសិ្សត ឋិតក្រោមវត្តមានឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការទទួលខុសត្រូវរួម នៃការប្រឡងបញ្ចប់បរិញ្ញាបត្រ នៅមហាវិទ្យាល័យសិល្បៈសូនរូប, ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មការមេប្រយោគ, ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្សល្បៈ។
បើតាមលោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសូនរូប បានឲ្យដឹងថា ក្នុងរយៈពេល៨ខែ នៃការធ្វើស្នាដៃប្រឡងបញ្ចប់ ដែលគិតចាប់ពីខែធ្នូឆ្នាំ២០២២ មកដល់ថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២៣នេះ និស្សិតទាំងអស់ពុះពារការលំបាក ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច ដែលសាមីខ្លួនត្រូវប្រឡងរហូតដល់បានបញ្ចប់កិច្ចការជាស្ថាពរ យកមកដាក់ការពារនៅចំពោះមុខឯកឧត្តម លោក លោកស្រី ដែលជាគណៈកម្មការកំណែនាថ្ងៃនេះ។ ចំនួននិស្សិតដែលជាបេក្ខជនត្រូវប្រលងទាំង៤ឯកទេសក្នុងឆ្នាំនេះ សរុបមានចំនួន ១៤៧ នាក់ / នារី ៩៦នាក់។ ឯកទេស តុបតែងលំអ នៃស្ថាបត្យកម្ម ជំនាន់ទី២៥ មានចំនួន ១០១នាក់ / នារី ៧៦នាក់, ឯកទេស គំនូរសារគមនាគមន៍ ជំនាន់ទី១៤ មានចំនួន ៣៧នាក់ / នារី ១៧នាក់, ឯកទេស វិចិត្រកម្ម ជំនាន់ទី៣១ មានចំនួន ០៧នាក់ / នារី ០៣នាក់ និងឯកទេស ចម្លាក់ ជំនាន់ទី២៩ មានចំនួន០២នាក់។ មហាវិទ្យាល័យបានបង្កើតគណៈកម្មការតាមជំនាញនីមួយៗ ដើម្បីធ្វើការវាយតម្លៃ និងកែតំរូវលើប្រធានបទស្នាដៃ របស់និស្សិតចំនួន៨លើកផងដែរ។ ទោះជាមានការមមាញឹកក្នុងការសិក្សាក្នុងថ្នាក់ឆ្នាំទី៤នេះក្តី ក៏ប្អូនៗនិស្សិតបាន ខិតខំប្រឹងប្រែងរៀនសូត្រ យ៉ាងយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខ្ពស់ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ នាពេលកន្លងមកនេះ។
នាឱកាសនោះ ឯកឧត្តម សោម សុគន្ធ បានផ្ដល់ជាអនុសាសន៍មួយចំនួនដល់ លោក លោកស្រី ដែលជាសាស្ត្រាចារ្យគ្រប់មុខវិជ្ជា ជំនាញឯកទេស មេត្តាខិតខំស្រាវជ្រាវបន្ថែមនូវចំណេះដឹងថ្មីៗ ដើម្បីជាទុនក្នុងការកសាងធនធានមនុស្សឆ្លើយតបទៅសង្គមសម័យឌីជីថល ម៉្យាងទៀតទោះបីសង្គមមានការអភិវឌ្ឍក៏ពិតមែន ចំពោះវប្បធម៌ជាតិត្រូវជួយថែរក្សា និងអភិរក្សឲ្យមានចីរភាព។ ក្មួយៗនិស្សិតជាទីរាប់អាន ក្មួយជាបញ្ញាវ័ន្តមួយរូបដែលមានភារៈកិច្ច ចូលរួមចំណែកក្នុងការកសាងប្រទេសរបស់យើងដោយយកជំនាញដែលត្រូវប្រឡងបញ្ចប់ថ្ងៃនេះប្រើប្រាស់ក្នុងមុខរបរឲ្យបានល្អប្រសើរ ព្រោះជាកិត្តិយសរបស់ប្អូនៗ ក៏ដូចជាកិត្តិយសរបស់ជាតិ។ ក្មួយៗជាទីស្រឡាញ់ ក្នុងការសិក្សាមិនបញ្ចប់ត្រឹមបរិញ្ញាបត្រនេះទេ ក្មួយៗត្រូវខិតខំបន្តរៀនយកបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ដើម្បីឆ្ពោះទៅរកភាពរុងរឿង៕ អត្ថបទ រដ្ឋ













