
អនុប្រធាននាយកដ្ឋាន មាតុភូមិនិវត្តន៍ និងជនភៀសខ្លួន នៅខេត្ត Kandahar ប្រទេសអាហ្វហ្វនីស្ថានភាគខាងត្បូង លោក Momin Agha បាននិយាយថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង១២.០០០នាក់ បានវិលត្រឡប់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានភាគខាងត្បូងវិញ ពីប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលជាច្រើនខែកន្លងទៅនេះ។ យោងតាមមន្ត្រី បានឲ្យដឹងថាជាមធ្យម៨២០គ្រួសារ ឬ ជាង៤.០០០នាក់ បានត្រឡប់ទៅប្រទេសកំណើតវិញពីប្រទេសប៉ាគីស្ថាន កាត់តាមច្រកឆ្លងកាត់ព្រំដែន Spin Boldak ដែលភ្ជាប់ខេត្ត Kandahar ទៅកាន់ខេត្ត Baluchistan ប្រទេសប៉ាគីស្ថានក្នុងសប្តាហ៍នីមួយៗ ហើយចំនួនអ្នកវិលត្រឡប់កំពុងកើនឡើង។
ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជាង២,៥ លាននាក់ កំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន មានចំនួនដូចគ្នានៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានគេចខ្លួនចេញពីការឈ្លានពានរបស់បរទេស និងជម្លោះនៅក្នុងប្រទេសកំណើតរបស់ពួកគេអាហ្វហ្គានីស្ថានរយៈពេលជាង៤ទសវតស្សរ៍កន្លងទៅនេះ។
តាមសេចក្តីរាយការណ៍ ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជាង២០០.០០០នាក់ បានវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញពីប្រទេសប៉ាគីស្ថាន និងអ៊ីរ៉ង់ដែលនៅជិតខាង កាលពីឆ្នាំមុន។
ជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលបានវិលត្រឡប់កាលពីពេលថ្មីៗនេះ បង្ហាញខ្លួននៅក្នុងខេត្ត Kandaharប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។