
កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានដាក់ពង្រាយកងទ័ពចម្ងាយ ៥គីឡូម៉ែត្រពីតំបន់ហ្កាហ្សា ស្ទ្រីប ដែលឥឡូវនេះកំពុងរៀបចំ និងហ្វឹកហ្វឺននៅទីក្រុង គីប៊ុត បេអេរី (Kibuttz Be'eri) កាលពីថ្ងៃអាទិត្យ (២២ តុលា) សម្រាប់ការវាយលុករតាមដីគោកនាពេលខាងមុខ ប្រឆាំងនឹងតំបន់នេះ។
ទីក្រុង គីប៊ុត បេអេរី ត្រូវបានប្រែក្លាយទៅជាទីតាំងជួបប្រជុំយោធាបណ្ដោះអាសន្ន ដែលកងកម្លាំងការពារជាតិ IDF បានដាក់ពង្រាយកងទ័ព។ យោងតាមទាហានម្នាក់មកពីកងកម្លាំង IDF បានឲ្យដឹងថា ពួកគេបានឈរជើងនៅទីនេះ ហើយកំពុងរៀបចំ និងហ្វឹកហាត់សម្រាប់ការវាយលុកលើដីនាពេលខាងមុខប្រឆាំងនឹងក្រុមហាម៉ាស។
កងទ័ពអាកាសអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនបានបើកការវាយប្រហារតាមអាកាសរាប់ពាន់លើកលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែលជុំចុងក្រោយមក ហើយបានបញ្ជាក់ថា ខ្លួននឹងបន្តវាយប្រហារគោលដៅក្រុមហាម៉ាស ក្នុងប្រតិបត្តិការជើងគោកទ្រង់ទ្រាយធំនាពេលខាងមុខ។
អ្នកស្រុកជាច្រើនក្នុងភាគខាងត្បូងអ៊ីស្រាអែល នៅជិតតំបន់ហ្កាហ្សា ស្ទ្រីប ត្រូវបានជម្លៀសចេញ ខណៈដែលអ៊ីស្រាអែលបានបន្តផ្តល់សញ្ញាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះថា ប្រតិបត្តិការយោធាជើងគោកទ្រង់ទ្រាយធំនឹងចាប់ផ្តើម «ក្នុងពេលឆាប់ៗនេះ»៕