
កោះតៃវ៉ាន់ បានការពារក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រទេសចិន បានបើកការស៊ើបអង្កេតលើគេហទំព័រជាច្រើនរបស់ក្រុមហ៊ុន ដោយនិយាយថា អាជីវកម្មតៃវ៉ាន់ មិនគួរត្រូវទទួលរងនូវ «ការជ្រៀតជ្រែកផ្នែកនយោបាយ»នោះទេ។
សារព័ត៌មានរដ្ឋរបស់ប្រទេសចិន Global Times បានរាយការណ៍កាលពីថ្ងៃអាទិត្យថា អាជ្ញាធរចិន កំពុងត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុន Foxconn នៅភាគខាងត្បូងខេត្តហ្គាងដុង( Guangdong) និងខេត្តចាំងស៊ូ (Jiangsu) ភាគខាងកើត ក៏ដូចជាការស៊ើបអង្កេតនៅកន្លែងប្រើប្រាស់ដីរបស់ក្រុមហ៊ុន នៅក្នុងខេត្ត Hunan និង Hubei ភាគកណ្តាល ។
សារព័ត៌មាននេះ មិនបានបញ្ជាក់ពីអ្វីដែលអាជ្ញាធរ កំពុងពិនិត្យមើល ឬបទល្មើស ដែលក្រុមហ៊ុន Foxconn អាចនឹងប្រព្រឹត្តនោះទេ។
ក្រុមហ៊ុន Foxconn ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំបំផុតមួយរបស់ពិភពលោក ហើយជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុនApple។