
ក្រសួងការបរទេសចិន បានឲ្យដឹង នៅថ្ងៃចន្ទ (ទី២៣ ខែតុលា) នេះ ថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក Li Qiang និងចូលរួមក្នុងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៦។
លោក Albanese បានប្រាប់កាលពីថ្ងៃអាទិត្យ (ទី២២ ខែតុលា) ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ដើម្បីជួបជាមួយប្រធានាធិបតី លោក Xi Jinping និងនាយករដ្ឋមន្ត្រី Li Qiang ក្នុងគោលបំណង ដើម្បីរក្សាស្ថិរភាពទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេស។
ការប្រកាសពីដំណើរទៅកាន់ទីក្រុងប៉េកាំង និងទីក្រុងស៊ាងហៃ ដែលជាលើកទីមួយរបស់មេដឹកនាំអូស្ត្រាលីទៅកាន់ប្រទេសចិន គិតចាប់តាំងពីឆ្នាំ២០១៦ មក បានកើតឡើងបន្ទាប់ពីមាននូវការបំបែកភាពទាល់ច្រក កាលពីថ្ងៃសៅរ៍ (ទី២១ ខែតុលា) ក្នុងការដោះស្រាយជម្លោះជាមួយប្រទេសចិន ជុំវិញការយកពន្ធលើស្រា ដែលបានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មនេះរបស់ប្រទេសអូស្ត្រាលី។
ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ភាគីទាំង២ បានឈានដល់ការឯកភាពគ្នាមួយ ដើម្បីដោះស្រាយជម្លោះពាក់ព័ន្ធនឹងការយកពន្ធស្រា នៅអង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជាជម្លោះជុំវិញពន្ធអូស្ត្រាលីលើអាគារប៉មខ្យល់របស់ចិន៕