
វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី២៣ ខែតុលា) នេះ បាននិយាយថា ខ្លួនបានយល់ស្របជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden អំពីតម្រូវការ ក្នុងការកសាង «សណ្តាប់ធ្នាប់ពិភពលោកថ្មី» ប៉ុន្តែថា ខ្លួនមិនយល់ថា សហរដ្ឋអាមេរិកមានលទ្ធភាពបង្កើតវាបាននោះទេ។
តាមរយៈការឆ្លើយឆ្លងទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សហរដ្ឋអាមេរិកកំពុងនិយាយអំពីសណ្តាប់ធ្នាប់ពិភពលោក «មានអាមេរិកនៅកណ្ដាល» ដែលនឹងមិនកើតមាននោះឡើយ នាពេលអនាគត។
ការប្រែប្រួលនេះ គឺជាការតំណាងឲ្យការប្រកួតប្រជែង ដោយវិវត្តផ្ទុយនឹងទិដ្ឋភាពនៃសង្រ្គាមអ៊ុយក្រែន និងតំបន់ហ្គាហ្សា ដែលរុស្ស៊ីកំពុងព្យាយាមបញ្ចុះបញ្ចូលប្រទេសកំពុងអភិវឌ្ឍន៍ឲ្យចូលរួមជាមួយខ្លួន ដើម្បីកសាងពិភពលោកថ្មីមួយ ដែលគ្មាន «អនុត្តរភាព» របស់សហរដ្ឋអាមេរិក។
ក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក លោក Biden បាននិយាយថា សណ្ដាប់ធ្នាប់ ដែលបានដំណើរការយ៉ាងល្អអស់រយៈពេល ៥០ឆ្នាំ បន្ទាប់ពីសង្គ្រាមលោកលើកទី២ បាន «បាត់បង់អស់ហើយ» ហើយត្រូវការសណ្ដាប់ពិភពលោកថ្មី។ លោកបានបន្ថែមថា ជនជាតិអាមេរិកមាន «ឱកាសដើម្បីធ្វើកិច្ចការទាំងនេះ ប្រសិនបើយើងមានភាពក្លាហានគ្រាប់គ្រាន់ និងមានទំនុកចិត្តក្នុងខ្លួនគ្រប់គ្រាន់ ដើម្បីបង្រួបបង្រួមពិភពលោកតាមរបៀបដែលមិនធ្លាប់មាន»។
លោក Peskov បាននិយាយថា ទីក្រុងមូស្គូ សូមបង្ហាញនូវការយល់ស្របដ៏កម្ររបស់ខ្លួនជាមួយលោក Biden អំពីតម្រូវការឲ្យមានសណ្ដាប់ធ្នាប់ថ្មី ដែលនឹង «មិនមានពីការប្រមូលផ្តុំនៃយន្តការទាំងអស់នៃអភិបាលកិច្ចពិភពលោក នៅក្នុងដៃរបស់រដ្ឋតែមួយ»។ ប៉ុន្តែអ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា រុស្ស៊ីមើលមិនឃើញដូចលោក Biden អំពីសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការកសាងប្រព័ន្ធបែបនេះបាន៕