
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កត្តាជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនគឺជាកិច្ចការដ៏សំខាន់ និងធំបំផុតដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ត្រូវយកចិត្តទុកដាក់ ខណៈការកសាងមន្ទីរពេទ្យ គឺជាចក្ខុវិស័យប្រកបដោយយុទ្ធសាស្ត្រវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីជាការឆ្លើយតបទាន់សភាពការណ៍នូវតម្រូវការចាំបាច់របស់ប្រជាជនមិនថា នៅរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តនានានោះឡើយ។
ការបញ្ជាក់បែបនេះ របស់សម្តេចធិបតី គឺបានធ្វើឡើងក្នុងគ្រាដែលសម្ដេចអញ្ជើញជាធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» និងប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦គឺ«ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា វិស័យសុខាភិបាល និងវិស័យអប់រំ គឺនៅតែជាវិស័យ អាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ ដោយកត្តាទាំងពីរនេះហើយ គឺជាការជំរុញជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋគ្រប់រូបឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ស្របទៅតាមយុទ្ធសាស្រ្តទី១ ក្នុងចំណោមទាំង៦ ដែលរាជរដ្ឋាភិបាលប្រកាសដាក់ឲ្យអនុវត្តនាពេលនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការដាក់ឲ្យប្រើប្រាស់នូវ«មន្ទីរពេទ្យជាតិតេជោសន្តិភាព» នាពេលនេះគឺជាការដោះស្រាយសេវាសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋ គ្រប់ពហុព្យាបាល ហើយមន្ទីរពេទ្យនេះក៏ជាការជួយរែកពុនដល់មន្ទីរពេទ្យផ្សេងៗផងដែរ ហើយមួយវិញទៀត«មន្ទីរពេទ្យជាតិ តេជោសន្តិភាព»ដែលជាមន្ទីរពេទ្យដ៏ធំហើយអាចដាក់គ្រែអ្នកជំងឺបានជិតមួយម៉ឺននាក់នេះ ក៏មិនមែនសម្រាប់តែបម្រើដល់បងប្អូនប្រជានពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺនឹងបម្រើដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់នៅទូទាំងប្រទេស រួមទាំងជនជាតិបរទេសដែលកំពុងរស់នៅកម្ពុជាផងដែរ៕អត្ថបទ៖ បាន ចក់