កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ បានអះអាងថា ពួកគេទទួលខុសត្រូវចំពោះការវាយប្រហារលើកងកម្លាំងអាមេរិកនៅឯមូលដ្ឋានយុទ្ធសាស្ត្រមួយ នៅប្រទេសស៊ីរីភាគអាគ្នេយ៍។

ក្រុមអ្នកតស៊ូឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាក្រុមឆ័ត្រនៃកងជីវពល ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ពួកគេ បានប្រើប្រាស់យានដ្រូនចំនួនពីរគ្រឿង ដើម្បីវាយប្រហារយោធភូមិ al-Tanf នៅជិតព្រំដែនហ្ស៊កដានី និងអ៊ីរ៉ាក់ ដែលជាទីតាំងរសើប ដែលជារឿយៗប្រើដោយពួកសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ដើម្បីដឹកជញ្ជូនអាវុធទៅឲ្យក្រុមហេសបូឡា។

ការវាយប្រហារកាលពីថ្ងៃចន្ទ កើតឡើងបន្ទាប់ពីមានការវាយប្រហារស្រដៀងគ្នាជាច្រើនទៅលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី កាលពីសប្តាហ៍មុន។ ក្នុងការវាយប្រហារមួយ ក្រុមដដែល បានវាយប្រហារមូលដ្ឋានពីរក្នុងប្រទេសអ៊ីរ៉ាក់ដោយយានដ្រូន ដែលបណ្តាលឲ្យមានរបួសស្រាលក្នុងចំណោមកងកម្លាំងអាមេរិក។
យោធាអាមេរិក បានរក្សាវត្តមាននៅយោធភូមិភាគ al-Tanf ចាប់តាំងពីកងកម្លាំងហ្វឹកហ្វឺនជាផ្នែកនៃយុទ្ធនាការប្រឆាំងនឹងក្រុមរដ្ឋឥស្លាម(IS)។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានទាហានរបស់ខ្លួនប្រហែល ៩០០នាក់ នៅស៊ីរី។