ភ្នំពេញ៖ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានរឹបអូសប្រេងរំអិល ដែលបានលួចកែច្នៃ ខុសច្បាប់ ជាច្រើនប្រភេទជិត ៤០តោន និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ នាំទៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធីច្បាប់។
យោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដែលទូរទស្សន៍BTVទទួលបាននាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ថ្ងៃទី២៣ម្សិលមិញនេះសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចូលរួមពីមន្ត្រីជំនាញ ក.ប.ប. កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញានៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, រួមទាំងអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ ដោយមានការសម្របសម្រួលនីតិវិធីផ្ទាល់ដោយ លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងបានចុះបង្ក្រាបទីតាំងសង្ស័យនាំចូល កែច្នៃ វេចខ្ចប់ ប្រេងរំអិលខុសច្បាប់ជាច្រើនប្រភេទ នៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
របាយការណ៍ បានបញ្ជាក់ថា ប្រតិបត្តិការនេះគឺបានធ្វើឡើងក្រោយពីការស្ទាក់ឃាត់នូវរថយន្តមួយគ្រឿងដែលបានដឹកប្រេងរំអិលសង្ស័យខុសច្បាប់ ចេញពីទីតាំងខាងលើ ហើយសមត្ថកិច្ចចម្រុះក៏បានបន្តចុះធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង ដោយបានរកឃើញនូវសម្ភារបំរើឲ្យការងារវេចខ្ចប់ និងប្រេងរំអិល ដោយសង្ស័យថា ខុសច្បាប់ជាច្រើនប្រភេទ សរុបទាំងអស់ជិត៤០តោន ។
បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ច ធ្វើការដកហូតសម្ភារសង្ស័យទាំងអស់ យករក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារមួយកន្លែង នៃទីតាំងខាងលើ និងបិទផ្លំបេរផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត។ បើតាមរបាយការណ៍ក៏បានបញ្ជាក់ផងដែរថា ម្ចាស់ទីតាំងមិនបានចូលខ្លួនមកសហការជាមួយសមត្ថកិច្ចនោះទេ ដោយឲ្យត្រឹមអ្នកតំណាងចូលរួមតែប៉ុណ្ណោះ ដូចនេះសមត្ថកិច្ចក៏តម្រូវឲ្យអ្នកតំណាងរូបនោះ និងអ្នកបើកបររថយន្តចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។
គួរបញ្ជាក់ថា នេះជាប្រតិបត្តិការបង្ក្រាបទីតាំងស្តុកប្រេងរំអិលខុសច្បាប់ជាលើកទីពីរហើយក្នុងរយៈពេល៣ខែចុងក្រោយនេះ បន្ទាប់ពីការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលជាច្រើនខែ កន្លងមកនេះ។
ជាមួយគ្នានេះសមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋជាថ្មីម្តងទៀត មេត្តាជួយសហការក្នុងការផ្តល់ព័ត៌មាន បើសិនជាបានដឹងពីការផលិតកែច្នៃ ឬចែកចាយ នូវផលិតផលសង្ស័យថា ខុសច្បាប់ មកដល់សមត្ថកិច្ចតាមរយៈលេខទូរស័ព្ទ 012 456 966 ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការបង្ក្រាបឲ្យបានទាន់ពេលវេលា ជៀសវៀងការប៉ះពាល់ផលប្រយោជន៍អ្នកប្រើប្រាស់ ជាពិសេសសុខុមានភាពសាធារណៈ៕អត្ថបទបាន ចក់







