វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់អាមេរិក Serena Williams ក្តីសង្ឃឹមចង់ឈ្នះជើងឯក Grand Slam អោយស្មើកំណត់ត្រា ២៤លើករបស់ Margaret Court អាក់ខានសាជាថ្មី ក្រោយបរាជ័យក្រោមស្នាដៃកីឡាការិនីកាហ្សាក់ស្ថាន Elena Rybakina ត្រឹមជុំទី៤ Grand Slam, French Open។

ជាការប្រកួតដ៏ហត់នឿយសំរាប់កីឡាការិនីអាមេរិក Serena Williams បន្ទាប់ពី Elena Rybakina ធ្វើបានល្អអស្ចារ្យក្នុងការយកឈ្នះលទ្ធផល ៦-៣ និង ៧-៥។ កីឡាការិនីវ័យ ៣៩ឆ្នាំរូបនេះបានព្យាយាមអស់ពីលទ្ធភាពហើយតែនៅមិនសំរេច ធ្វើអោយនាងក្លាយជាកីឡាការិនីក្នុងលំដាប់ Top 10 មួយរូបទៀតដែលធ្លាក់ចេញ។ បំណងចង់តាមស្មើកំណត់ត្រាឈ្នះ Grand Slam ២៤លើកដូចនឹង Margaret Court នោះ Serena Williams ត្រូវរង់ចាំដល់ Wimbledon ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៨ ចុងខែនេះ។ រំលឹកថា Serena Williams បានខកខានឈ្នះ Grand Slam តាំងពីឈ្នះចុងក្រោយនៅ Australian Open ឆ្នាំ២០១៧។
វ័យទើបតែ ២១ឆ្នាំបច្ចុប្បន្នកីឡាការិនី Elena Rybakina នៅពេលចាប់កំណើតបាន ២ខែ Serena Williams ឈ្នះ Grand Slam លើកដំបូងនៅខែកញ្ញាឆ្នាំ១៩៩៩ ទៅហើយ។ គូប្រកួតបន្ទាប់របស់ Elena Rybakina គឺកីឡាការិនីរុស្ស៊ី Anastasia Pavlyuchenkova ដែលបានយកឈ្នះ Victoria Azarenka ឡើងវគ្គ ៨នាក់ចុងក្រោយលើកដំបូងក្នុងអាជីព។ លទ្ធផលផ្សេងទៀតផ្នែកនារីផងដែរ កីឡាការិនីអេស្ប៉ាញ Paula Badosa បានយកឈ្នះកីឡាការិនីឆេក Marketa Vondrousova ឡើងវគ្គ ៨នាក់ចុងក្រោយលើកដំបូង រួមជាមួយកីឡាការិនីស្លូវេនី Tamara Zidansek ដែលបានយកឈ្នះកីឡាការិនីរ៉ូម៉ានី Sorana Cirstea៕
អត្ថបទៈនាង សុភាវុធ