
អំឡុងបេសកកម្មរបស់យានអវកាស Apollo 17 ក្នុងឆ្នាំ១៩៧២ ពោលជាពេលវេលាចុងក្រោយដែលមនុស្សបានដើរលើភពព្រះចន្ទ ឬឋានព្រះចន្ទនោះ អវកាសយានិកអាមេរិក លោក Harrison Schmitt និងលោក Eugene Cernan ប្រមូលបានសំណាកដី និងថ្មប្រហែល ២៤៣ផោន (១១០,៤គីឡូក្រាម) ដែលត្រូវបានយកត្រឡប់មកផែនដីវិញ ដើម្បីការសិក្សាបន្ថែម។
កន្លះសតវត្សរ៍ក្រោយមក គ្រីស្តាល់រ៉ែនៅខាងក្នុងបំណែកថ្ម ដែលប្រមូលបានដោយលោក Schmitt កំពុងផ្តល់ឲ្យអ្នកវិទ្យាសាស្ត្រនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីការកើតរបស់ភពព្រះចន្ទ និងអាយុកាលយ៉ាងច្បាស់លាស់របស់ភព ដែលជាដៃគូនៃភពផែនដីមួយនេះ។
អ្នកវិទ្យាសាស្ត្ររបស់ស្ថាប័ន UCLA Planetary Scientist បាននិយាយថា៖ «ភពព្រះចន្ទមានបរិយាកាសស្ថិរភាពល្អណាស់។ ភពនេះអាចកត់ត្រាឥទ្ធិពលប៉ះទង្គិចចាស់ៗយ់ាងល្អ ឬព្រឹត្តិការណ៍ផ្សេងៗទៀត នៅលើប្រព័ន្ធផ្ទាល់ខ្លួនរបស់វា។ បន្ទាប់មកតាមវិធីនេះ យើងអាចដឹងពីអ្វី ដែលបានកើតឡើងនៅលើភពផែនដី ព្រោះថា អ្វីៗនៅលើផែនដី ត្រូវបានលុបចោលដោយដំណើរការភូគព្ភសាស្ត្រ»។
ដោយផ្អែកលើការវិភាគលើគ្រីស្តាល់ បណ្ដាអ្នកវិទ្យាសាស្ត្រ បាននិយាយកាលពីថ្ងៃចន្ទថា ភពព្រះចន្ទមានអាយុកាលប្រហែល ៤០លានឆ្នាំ ចាស់ជាងការប្រមើលមើលពីមុន ដោយកកើតបានជាង ៤,៤៦ពាន់លានឆ្នាំមុន ពោលគឺក្នុងរង្វង់រយៈពេល ១១០លានឆ្នាំបន្ទាប់ពីកំណើតនៃប្រព័ន្ធព្រះអាទិត្យ៕