នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
ក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការសប្បាយរីករាយ ដោយបានឃើញបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ ផ្សេងទៀត ដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញនៃកម្ពុជា។ សម្ដេចតេជោបន្តថា មានជនមួយក្រុមកំពុងនាំគ្នាចង់មកបំផ្លាញសន្ដិភាពនៅក្នុងប្រទេសកម្ពុជា ដូច្នេះគណបក្សប្រជាជន និងបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន ២៧ ផ្សេងទៀត ត្រូវរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។
ជាមួយគ្នានេះដែរសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារទៅកាន់បរទេសមួយចំនួនដែលខ្វះការយល់ដឹងអំពីសេរីភាពនៃការបញ្ចេញមតិ និងចលនាក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាលក្រៅប្រព័ន្ធថា សព្វថ្ងៃនេះនៅកម្ពុជាមានសេសសល់ក្រុមដែលធ្វើចលនាបដិវត្តពណ៌ដោយចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេចបញ្ជាក់ទៅកាន់ក្រុមនេះត្រូវដកខ្លួនចេញជាបន្ទាន់ ពីព្រោះកម្ពុជាមិនអនុញ្ញាតឱ្យក្រុមណាមួយមកធ្វើចលនាបំផ្លាញសន្ដិភាពរបស់កម្ពុជាបានឡើយ។