នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ កាលពីថ្ងៃអង្គារ បានទៅសួរសុខទុក្ខកងទ័ព ដែលដាក់ពង្រាយនៅជិតព្រំដែនជាមួយអ៊ីស្រាអែល និងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ខណៈដែលអារ៉ាប៊ីសាអ៊ូឌីត បានជម្លៀសក្រុមគ្រួសារបុគ្គលិកការទូត ដោយសារតែការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងក្រុមសកម្មប្រយុទ្ធហេសបូឡា និងកងទ័ពអ៊ីស្រាអែល។

ការសម្រេចរបស់អារ៉ាប៊ីសាអ៊ូឌីត កើតឡើង ចំពេលមានភាពតានតឹងកើនឡើងនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ជាកន្លែងដែលសមាជិកក្រុមហេសបូឡា បាននិងកំពុងមានការបាញ់ប្រហារជាមួយទាហានអ៊ីស្រាអែលជារៀងរាល់ថ្ងៃ អស់រយៈពេលពីរសប្តាហ៍ហើយ។
ពុំមានការប្រកាសជាផ្លូវការពីអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតទេ ប៉ុន្តែការសម្រេចនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីត បានជំរុញពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពីប្រទេសលីបង់ជាបន្ទាន់។
ក្រុមមន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះស្របតាមបទប្បញ្ញត្តិ បាននិយាយថា ឯកអគ្គរដ្ឋទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅលីបង់ លោក Waleed Bukhari អនុព័ន្ធយោធា និងបុគ្គលិកផ្សេងទៀត មិននៅជាមួយមនុស្ស ៦៥នាក់ ដែលចាកចេញពីលីបង់ កាលពីរសៀលថ្ងៃអង្គារទេ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati ទៅកាន់ខេត្តភាគខាងត្បូងដ៏តានតឹង គឺជាលើកទីមួយរបស់ខ្លួន ចាប់តាំងពីការប៉ះទង្គិចគ្នា បានកើតឡើងនៅតាមព្រំដែន បន្ទាប់ពីការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលមួយពីក្រុមប៉ាឡេស្ទីនហម៉ាស ទៅលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ វាក៏បានកើតឡើងពីរថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ ( Benjamin Netanyahu) បានសួរសុខទុក្ខទាហាននៅតាមព្រំដែន កាលពីថ្ងៃអាទិត្យ។