ប៉ាឡេស្ទីន ៖ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថាជនជាតិប៉ាឡេស្ទីនជាង៧០០នាក់ បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេលជាង២៤ម៉ោងប៉ុណ្ណោះ ។
ចំណែកយោធាអ៊ីស្រាអែល និយាយថា ខ្លួនបានវាយប្រហារលើគោលដៅក្រុមភេរវកម្ម៤០០ គោលដៅ និងបានសម្លាប់ក្រុមមេដឹកបញ្ជាការហាម៉ាសមួយចំនួន ក្នុងការវាយប្រហារជាមួយគ្នានោះ ។
យោធាខាងលើក៏បានប្រកាសផងដែរថាខ្លួននឹងមិនអង្អង់ដៃឡើយ ទោះបីជាក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរ២នាក់ផ្សេងទៀត ក៏ដោយ ។
ស្របពេលជាមួយគ្នានោះដែរ ក្រុមទីភ្នាក់ងារផ្ដល់ជំនួយរបស់អង្គការសហប្រជាជាតិ បានទទូចឲ្យ ផ្អាកការប្រយុទ្ធ និងបើកផ្លូវដឹកជញ្ជូនជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព ដោយព្រមានថា ពួកគេកំពុងលុតជង្គង់អង្វរ ។
មួយភាគ៣នៃមន្ទីរពេទ្យនៅក្នុងតំបន់ហ្កាហ្សា លែងដំណើរការបានហើយ ដោយសារកង្វះអគ្គិសនី ថ្នាំពេទ្យ និងបុគ្គលិក និងហើយអ្វីដែលសំខាន់នៅពេលនេះគឺកង្វះទឹកស្អាត ។
យោធាអ៊ីស្រាអែល បានបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងក្រុមហាម៉ាស ដែលអ៊ីស្រាអែល ចក្រភពអង់គ្លេស អាមេរិក និងប្រទេសមហាអំណាចផ្សេងទៀត ចាត់ទុកជាអង្គការភេរវកម្ម ឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនមិនធ្លាប់មានកាលពីថ្ងៃទី៧ខែតុលា សម្លាប់ជនជាតិអ៊ីស្រាអែល ប្រមាណ១.៤០០នាក់ និង២២២នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ថ្នូរ ។
យោងតាមក្រសួងសុខាភិបាល មនុស្សជិត៥.៨០០នាក់ បានស្លាប់ក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីផ្ទុះសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕

