អុីស្រាអែល ៖ ជម្លោះដ៏ខ្លាំងក្លារវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានសម្លាប់មនុស្សសរុបជាង ៧.២០០នាក់ហើយនៅភាគីទាំងសងខាង ខណៈការប្រយុទ្ធគ្នាបានឈានចូលដល់ថ្ងៃទី១៨ កាលពីថ្ងៃអង្គារ (២៤ តុលា)។
ពលរដ្ឋប៉ាឡេស្ទីនសរុបចំនួន ៥.៨៨៦នាក់ នៅតំបន់ហ្កាហ្សា ស្រ្ទីប និងតំបន់វេស ប៊ែង ត្រូវបានសម្លាប់ នេះបើយោងតាមតួលេខចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ (២៤ តុលា)។ ក្នុងចំណោមនោះ មនុស្ស៥.៧៩១នាក់ បានបាត់បង់ជីវិតនៅតំបន់ហ្កាហ្សា ស្រ្ទីប និងមនុស្សចំនួន ៩៥នាក់ បានស្លាប់នៅតំបន់វេស ប៊ែង។
ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទន្ទឹមនឹងនោះ ប្រជាជនប៉ាឡេស្ទីនចំនួន ១៦.២៩៧នាក់ បានរងរបួសនៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធមួយនេះ។ ជម្លោះដ៏តានតឹងនេះ ក៏បានឆក់យកជីវិតមនុស្សជាង ១.៤០០នាក់ នៅខាងអ៊ីស្រាអែលផងដែរ គិតត្រឹមថ្ងៃទី១៨ ខែតុលា នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន The Jerusalem Post។
ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ស្ទ្រីប បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាល ពីថ្ងៃទី៧ ខែតុលា។ ជាការឆ្លើយតប យោធាអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសសំដៅលើទីតាំង និងទីស្នាក់ការកណ្តាលជាច្រើនរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធមួយនេះ ហើយការប្រយុទ្ធគ្នាចុងក្រោយបំផុតនេះ បាននាំឱ្យមានអ្នករងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ភាគីជម្លោះទាំងសងខាងផងដែរ៕

