ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាលព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ បានចាត់មន្រ្តីថ្នាក់កណ្តាល បន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៤៧២គ្រួសារ រស់នៅក្រុង ស្រុកចំនួន៤គឺ ក្រុងបាត់ដំបង ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងឱកាសជួបសំណេះសំណាលនាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សមាជិក សមាជិកា បានចុះចែកចំនួន ៤ទីតាំងផ្សេងគ្នា៖ ទីតាំងទី១ នៅវត្តក្តាំងងារ សម្រាប់ប្រជាពលរដ្ឋ ១៣០គ្រួសារ មកពី៦ភូមិ ២ឃុំ នៃស្រុកឯកភ្នំ, ទី២នៅវត្តស្លាកែត សម្រាប់ប្រជាពលរដ្ឋ ១០២គ្រួសារ មកពី៧ភូមិ ៣សង្កាត់ នៃក្រុងបាត់ដំបង, ទី៣នៅបរិវេន វត្តខ្នា សម្រាប់ប្រជាពលរដ្ឋ ១១០គ្រួសារ មកពី៧ភូមិ នៃឃុំវត្តតាមឹម និងទីតាំងទី៤ នៅអនុសាខាស្រុកបាណន់ សម្រាប់ប្រជាពលរដ្ឋ ១៣០ គ្រួសារ មកពី៤៤ភូមិ ៥ឃុំ នៃស្រុកបាណន់ សរុបទាំងអស់ចំនួន៤៧២គ្រួសារ។
ជាមួយគ្នានេះដែរលោកជំទាវ ពុំ ចន្ទីនី បានពាំនាំមកនូវព្រះរាជបន្ទូល និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ព្រះអង្គរទាំងទ្វេ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹក និងមនោសញ្ចេតនាជាប់ជានិច្ច ជាមួយប្រជានុរាស្ត្រកូនចៅ និងប្រជាពលរដ្ឋគ្រប់ពេលវេលា។
ទន្ទឹមនឹងនេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំផ្តាំផ្ញើ នូវសារសុខភាពមួយចំនួនជូនដល់បងប្អូនមានដូចជា ៖ជំងឺគ្រុនឈាម គ្រុនឈីក ជំងឺហ្ស៊ីកា និងជំងឺផ្តាសាយបក្សីជាដើម។ ជាពិសេសនៅក្នុងដូវមានភ្លៀងធ្លាក់នេះ សូមបងប្អូនប្រជាពលរដ្ឋសម្អាតបរិស្ថានជុំវិញផ្ទះដោយកំចាត់ចោលនូវជម្រកសត្វមូសដែលមានជុំវិញផ្ទះ។ ស្ត្រីដែលមានផ្ទៃពោះ សូមទៅពិនិត្យសុខឱ្យបានទៀងទាត់ ពេលសម្រាលកូនសូមទៅមណ្ឌលសុខភាព កុមារកើតបានអាយុដល់២ឆ្នាំសូមយកទៅ ទទួលវាក់សាំងឲ្យបានគ្រប់ចំនួនដែល ក្រសួងសុខាភិបាលបានកំណត់។ លើសពីនេះទៀតសូមចូលរួមសម្អាតបរិស្ថាន និងកាត់បន្ថយការប្រើ ប្រាស់ប្លាស្ទិក។
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ខេត្តបាត់ដំបង តំណាងឲ្យប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយជំនន់ទឹកភ្លៀងរហស់នេះ។
សូមបញ្ជាក់ថា ក្រៅពីប្រគល់ជូនប្រជាពលរដ្ឋទាំង៤ទីតាំងខាងលើរួច លោកជំទាវអគ្គលេខាធិការ និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះចំនួន១០គ្រួសាទៀតដែលមិនអាចធ្វើដំណើរមកទទួលអំណោយបាន និងប្រគេនថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់វត្តក្តាំងងារ វត្តស្លាកែត វត្តខ្នា ដែលបានផ្តល់ទីតាំងសម្រាប់កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សនាពេលនេះ៕ អត្ថបទ ៖ សំ ងីម





















