ក្នុងការអធិប្បាយដ៏ខ្លាំងបំផុតរបស់ខ្លួនស្តីពីជម្លោះតំបន់ហ្គាហ្សា ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន (Tayyip Erdogan) បាននិយាយកាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស មិនមែនជាអង្គការភេរវកម្មទេ ប៉ុន្តែជាក្រុមរំដោះដែលកំពុងប្រយុទ្ធ ដើម្បីការពារទឹកដីប៉ាឡេស្ទីន។
សមាជិកអង្គការណាតូ ប្រទេសទួរគី បានថ្កោលទោសការស្លាប់ជនស៊ីវិល ដែលបណ្តាលមកពីការវាយលុកកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ប៉ុន្តែថែមទាំងបានជំរុញឲ្យកងកម្លាំងអ៊ីស្រាអែល ធ្វើសកម្មភាពដោយអត់ធ្មត់ ក្នុងការឆ្លើយតបរបស់ពួកគេ។ ទីក្រុងអង់ការ៉ា បានរិះគន់យ៉ាងខ្លាំងចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា។
លោកបានថ្លែងប្រាប់សមាជិកសភាមកពីគណបក្ស AK ដែលកាន់អំណាចរបស់ខ្លួនថា «ក្រុមហាម៉ាស មិនមែនជាអង្គការភេរវកម្មទេ វាគឺជាក្រុមរំដោះ «មូចាហ៊ីឌីន[mujahideen]» ដែលប្រយុទ្ធ ដើម្បីការពារទឹកដី និងប្រជាជនរបស់ខ្លួនប៉ុណ្ណោះ ដោយប្រើភាសាអារ៉ាប់ដែលបង្ហាញពីអ្នកដែលប្រយុទ្ធ ដើម្បីសាសនារបស់ពួកគេ។
មិនដូចសម្ព័ន្ធមិត្តណាតូជាច្រើនរបស់ខ្លួន និងសហភាពអឺរ៉ុបទេ ប្រទេសទួរគី មិនចាត់ទុកក្រុមហាម៉ាសជាអង្គការភេរវកម្ម និងមិនផ្តល់ទីតាំងដល់សមាជិកនៃក្រុមនេះ នៅលើទឹកដីរបស់ខ្លួនទេ។ ទីក្រុងអង់ការ៉ា គាំទ្រដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលមានអាយុកាលរាប់ទសវត្សរ៍ហើយនោះ៕

